2024-01-09 03:01
74

ខេត្តតាកែវ៖ កាលពីវេលាម៉ោង១៥:០០ នាទីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនរួមទាំងដកហូតថ្នាំញៀនមួយចំនួន ចំណុចក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ 

ជនសង្ស័យឈ្មោះ ជឿន សូនី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ 
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាងទង សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានចុះល្បាតតាមគោលដៅសំខាន់ៗ លុះមកដល់ចំណុចក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់សាកសួរជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ជឿន សូនី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  នឹងបានធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យជា សារធាតុញៀនចំនួន ១៩កញ្ចប់តូច នឹងទូរស័ព្ទម៉ាកអិនចុចពិល ០១គ្រឿង ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យរួម នឹងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕