2024-03-13 09:03
570

សៀមរាប​៖ អគ្គនាយិកាក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ និងបក្ខពួក ត្រូវតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ចំនួន ០៣ គឺ បទៈ «ឆបោកមានស្ថានទម្ងន់ទោស, ​បទៈ មិនបំពេញកាត្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន និង បទៈ សម្អាតប្រាក់» និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់បន្តតាមនិតិវិធីច្បាប់។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលក្រុមការងារ msj tv ទទួលបាននៅប្រលប់ថ្ងៃទី១៣ ខែមីនា ឆ្នាំា២០២៤ នេះ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប៊្រីលានស៊ីធី វើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ អយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១២៣៦ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ និងសំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។

អ្នកនាំពាក្យបានបញ្ជក់ទៀតថា បន្ទាប់ពីបានធ្វើការស្តាប់ចម្លើយ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿងតំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យ រួមមាន៖ ទី១- ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ ៣៦ឆ្នាំ ជាអគ្គនាយិកា, ទី២- ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ ៣០ឆ្នាំ ជាអគ្គនាយករង, ទី៣- ឈ្មោះ ជុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ ជាអគ្គនាយករង និងបក្ខពួក ពីបទ៖  - ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ, - មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ និង ៣- សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

សូមជម្រាបថា អគ្គនាយិការក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើលដ៍» លោកស្រីឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកចំនួន ០២នាក់ ត្រូវបានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប ចាប់ខ្លួនបានរសៀលថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដែលប្រជាពលរដ្ឋរងគ្រោះរាប់ពាន់នាក់បានប្តឹងចោទថា បានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ទិញផ្ទះ និងការវិនិយោគ ទទួលបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។ ចំពោះប្រជាពលរដ្ឋ ដែលចាញ់បោកលោកស្រីឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកដោយអ្នកខ្លះបានខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគជាមួយ ដែលរហូតពេលនេះ ត្រូវសងធនាគារវិញយ៉ាងលំបាកបំផុត។

បច្ចុបន្ន ជនសង្ស័យឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ក្រោយពីតំណាងអយ្យការចោទប្រកាន់រួចរាល់ បានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់