2023-12-23 02:12
107

 ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុង  ពិធីបិទសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

 មានប្រសាសន៍នៅក្នុងពិធីដ៏មហោឡារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី  រាជការនៃក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមបំពេញ ភារកិច្ចប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលលើ  ការងារចម្បងៗ ដូចជា៖ ការចរចាបើកច្រកទីផ្សារពាណិជ្ជកម្ម, ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ ក្នុងស្រុក និងនាំចេញ, ការកសាងធនធាន  មនុស្ស, ការកែលម្អការផ្តល់សេវាសាធារណៈ, ការពង្រឹង កិច្ចសម្រួលពាណិជ្ជកម្ម, ការកសាងលិខិតបទដ្ឋានច្បាប់ពាណិជ្ជកម្ម, ការចូលរួមអនុវត្តក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល, និងការលើកកម្ពស់សុខុមាលភាពជូនប្រជាជន តាមរយៈ ការរក្សាបាននូវស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង ។ 

លើសពីនេះ ក្រសួងក៏សម្រេចបាននូវការចរចា និង ដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីសំខាន់ៗ ចំនួនបួន គឺ  (១)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, (២)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋ កូរ៉េ (៣)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់  ជ្រុងជ្រោយតំបន់ (RCEP) និង (៤)កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម (CEPA) ដែលនេះ គឺជាបង្គោលចរថ្មី ដើម្បី  ពង្រីកទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជា ។

 នៅក្នុងឱកាសនោះដែរ សម្តេចធិបតី បានផ្ដល់អនុសាសន៍មួយចំនួន ជាវិភាគទានបន្ថែមដល់ការកំណត់ ទិសដៅការងាររបស់ក្រសួងពាណិជ្ជកម្ម រួមមាន៖ 

 ទី១. បន្តពង្រីកការធ្វើឌីជីថលភាវូបនីយកម្មសេវា សាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបន្តពង្រឹងសមត្ថភាពមន្ត្រីឌីជីថល គ្រប់  លំដាប់ថ្នាក់ជាប់ជាប្រចាំ និងការពិនិត្យលទ្ធភាពក្នុងការបង្កើតអង្គភាពបរិវិត្តកម្មឌីជីថល តាមអង្គភាព នានាក្រោមឱវាទក្រសួងពាណិជ្ជកម្ម ដើម្បីបង្ក  បរិយាកាសអំណោយផលដល់សកម្មភាពពាណិជ្ជកម្មនានា តាមរយៈការសម្រួលនីតិវិធីរដ្ឋបាល និងបន្តការតភ្ជាប់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម   ទៅនឹង ថ្នាលបច្ចេកវិទ្យាផ្លាស់ប្តូរទិន្នន័យរួម (Cambodia Data Exchange ឬហៅកាត់ថា CamDX) និងត្រូវ ចូលរួមដោយសកម្មក្នុងការអនុវត្តប្រព័ន្ធបញ្ជរ  តែមួយជាតិ (National Single Window) ផងដែរ ។ 

 ទី២. ត្រូវជំរុញ និងពង្រឹងកម្មវិធីបង្កើនជំនាញ ពង្រីកការបណ្តុះបណ្តាលជំនាញ និងកម្មវិធីរៀបចំជំនាញ ឡើងវិញ ដើម្បីជួយដល់សហគ្រាសកម្ពុជាសមត្ថភាព  អាចការប្រកួតប្រជែង ចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ តំបន់ និងសកល។ 

 ទី៣. ត្រូវពង្រឹងការធ្វើអភិបាលកិច្ច និងអភិវឌ្ឍវិស័យឯកជន តាមរយៈការកសាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងសមាគមពាណិជ្ជកម្ម  និងសហគ្រាសឯកជន ហើយត្រូវបង្កើនការគ្រប់គ្រងការធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ តាមរយៈពង្រឹងការអនុវត្ត, កែលំអរ និងដាក់ចេញបន្ថែម  ទៀតនូវ ច្បាប់និងលិខិតបទដ្ឋាន និងក្រមសីលធម៌ទាក់ទងនឹងអភិបាលកិច្ចក្រុមហ៊ុននិងសហគ្រាសឯកជន, កិច្ចការប្រកួតប្រជែង, ការពារអ្នកប្រើប្រាស់  និងច្បាប់ស្តីពីម្ហូបអាហារ ដើម្បីរក្សាសុខភាព, សុវត្ថិភាព និងសុខុមាលភាពអ្នកប្រើប្រាស់។ 

 ទី៤. ក្រសួងពាណិជ្ជកម្ម ត្រូវសហការពង្រឹងការផលិតនូវផលិតផលក្នុងស្រុក និងរៀបចំយុទ្ធសាស្ត្រជំរុញការប្រើប្រាស់ផលិតផលខ្មែរ តាមរយៈការរៀបចំ  ពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងត្រូវជួយដល់វិស័យឯកជន ក្នុងការបង្កើត សភាពាណិជ្ជកម្មតាមរាជធានី-ខេត្ត និងតំណាងសភាពាណិជ្ជកម្មកម្ពុជា  នៅក្រៅប្រទេស ព្រមទាំងបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាសពាណិជ្ជកម្ម។

  ជាមួយនោះដែរ​ ក្រសួងពាណិជ្ជកម្មត្រូវយកចិត្តទុកដាក់ក្នុងការបន្តស្រាវជ្រាវនិងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត ទំនិញ និងម៉ាកសមូហភាពឱ្យកាន់តែបាន  ច្រើនថែមទៀត សំដៅលើកស្ទួយគុណភាពនិងម៉ាករបស់ផលិតផលកម្ពុជានៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស ។ 

  ទី៥. តាមរយៈយុទ្ធសាស្ត្រពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ក្រសួងពាណិជ្ជកម្មត្រូវបន្តការចរចាបើកទីផ្សារ និងជំរុញការនាំចេញ ដោយសហការជាមួយ  បណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន រៀបចំយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តំបន់ និងទ្វេភាគី  ព្រមទាំងត្រូវខិតខំពង្រឹងសមត្ថភាពវិស័យឯកជន និងអ្នកនាំចេញកម្ពុជា ឱ្យអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងសកល។ 

 ទី៦.

 ក្រសួងពាណិជ្ជកម្មត្រូវពិនិត្យ សិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ អំពីផលប៉ះពាល់នៃការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (Least Developed Country-  LDC) នេះ ជាពិសេសនៅក្រោមក្របខ័ណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្របខ័ណ្ឌតំបន់ មកលើសេដ្ឋកិច្ចកម្ពុជា ដោយកម្ពុជាអាចនឹងត្រូវ ចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងឆ្នាំ២០២៧ខាងមុខនេះ ។ 

ទន្ទឹមនឹងនេះ ក្រសួងត្រូវត្រៀមខ្លួនក្នុងការចរចាស្នើសុំភាពអនុគ្រោះថ្មី តាមរយៈប្រព័ន្ធអនុគ្រោះបន្ថែម (GSP Plus) សំដៅរក្សាទីផ្សារ និងរក្សាលំនឹងផលិតកម្ម ព្រមទាំងភាពទាក់ទាញសម្រាប់ការចូលមកវិនិយោគនៅកម្ពុជា ហើយក៏ត្រូវសិក្សាផងដែរ អំពីផលប៉ះពាល់ ពីការបាត់បង់ភាពអនុគ្រោះ  (Preferences Erosion) និងការបាត់បង់ប្រព្រឹត្តិកម្មពិសេស និងអនុគ្រោះដោយឡែក(Special and Differential Treatment) បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈ ប្រទេសអភិវឌ្ឍន៍តិចតួច ។

ទី៧. ក្រសួងពាណិជ្ជកម្មត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល ធុរកិច្ច​ឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការលើកទឹកចិត្តការឱ្យវិស័យធុរកិច្ច​ បង្កើតថ្នាលបច្ចេកវិទ្យាលក់ទំនិញក្នុងស្រុក​ និងឆ្លងកាត់ព្រំដែនដោយត្រូវខិតខំអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មតាមក្របខ័ណ្ឌច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ ៕