2023-09-28 05:09
187

(កំពង់ធំ)៖ លោក ទូច សុខា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញផ្តល់វិញ្ញាបនបត្រសម្គាល់អម្ចាស់ចលនវត្ថុ ២៥៧៥ ស្មើនឹង១២១១គ្រួសារ ជូនប្រជាពលរដ្ឋនៅភូមិក្រសាំងខ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងកម្មវិធីផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានការអញ្ជើញចូលរួមពីលោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរស្រុកកំពង់ស្វាយ ក្រុមប្រឹក្សាឃុំសានគរ និងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់ផងដែរ។

លោក ទូច សុខា បានលើកឡើងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល លើកំណើនសេដ្ឋកិច្ចជាតិបង្កើនជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍន៍វិស័យដីធ្លី ការរៀបចំដីធ្លីលក្ខណៈជាប្រព័ន្ធតាមដំណាក់កាលជូនដល់ ប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ដោយសមធម៌ និងតម្លាភាព។

លោកបន្តថា «ប័ណ្ណកម្មសិទ្ធិនេះគឺជាឯកសារគតិយុត្តិត្រូវបានការពារដោយច្បាប់ ធានាខុសត្រូវដោយរដ្ឋ និងមិនអាចមានជនណាម្នាក់មកលួចបន្លំ រំលោភបំពានបានឡើយ។ មិនតែប៉ុណ្ណោះវាជាវត្ថុមានតម្លៃដែលអាចយក ទៅប្រើប្រាស់ ដើម្បីទាញយកប្រយោជន៍ដូចជា ធានាសម្រាប់ការខ្ចីប្រាក់ពីធនាគារ ផ្ទេរលក់-ទិញឬធ្វើអំណោយដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល»។

លោកបានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋដែលត្រូវទទួលបណ្ណកម្មសិទ្ធិនេះ សូមរក្សាទុកដាក់ឲ្យបានត្រឹមត្រូវល្អ និងច្រកទុកក្នុងប្លាស្ទិក តែសុំកុំយកទៅអ៊ុតរឹងដូចអត្តសញ្ញាណប័ណ្ណ ព្រោះបើអ៊ុតរឹង នៅពេលមានតម្រូវលក់ដូរ ឬធ្វើអំណោយនៅថ្ងៃក្រោយរដ្ឋបាលសុរិយោដីត្រូវធ្វើលេខាចារឹកលើប័ណ្ណ និងនាំឱ្យខូចខាតបាត់អក្សរពេលបកចេញ។

លោក ទូច សុខា បានផ្តាំផ្ញើដល់បងប្អូនថា ដីជាជីវិតយើងត្រូវការពារ និងប្រើប្រាស់ដីឱ្យមាននិរន្តរភាពយូរអង្វែងតកូនតចៅជំនាន់ក្រោយ។
លោក អ៊ឹម សុឌីណា បានបញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២៥៧៥ប័ណ្ណ ស្មើនឹង១២១១គ្រួសារ ក្នុងនោះមាន៖
*ដីលំនៅដ្ឋានចំនួន៧៩១ប័ណ្ណ
*ដីផលិតកម្ម កសិកម្មចំនួន១៧៦៥ប័ណ្ណ
*ដីទួលអ្នកតាចំនួន០១ប័ណ្ណ
*ដីត្រពាំងចំនួន០៩ ប័ណ្ណ
*ដីគ្មានទិន្នន័យចំនួន ៤២ក្បាលដី
*ទ្រព្យខាងប្តីចំនួន ៥៤១ប័ណ្ណ
*ទ្រព្យខាងប្រពន្ធចំនួន១១០៣ប័ណ្ណ
*ទ្រព្យលីវចំនួន ៤១០ប័ណ្ណ
*ទ្រព្យរួមប្ដីប្រពន្ធចំនួន៥០០ប័ណ្ណ
*ទ្រព្យរដ្ឋចំនួន១៤ប័ណ្ណ
*ទ្រព្យកម្មសិទ្ធិអវិភាគចំនួន០៤ប័ណ្ណ
*ទ្រព្យវត្តចំនួន០៣ប័ណ្ណ៕