2023-10-23 03:10
308

ខេត្តកណ្ដាល៖ ជនសង្ស័យពីរនាក់ជាមុខសញ្ញាលួចយ៉ាងសកម្មត្រូវបាននគរបាលស្រុកកោះធំចាប់ឃាត់ខ្លួន ក្រោយពីជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពលួចស្ពាន់ស្រោបសសរព្រះវិហារក្នុងវត្តទួលព្រះរាជា ស្ថិតក្នុងភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ វេលាម៉ោង៩និង០០នាទី។

មន្ត្រីនគរបាលស្រុកកោះធំបានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ឆេង ចែ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ(មិនពិតប្រាកដ) ធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោមជាលទ្ធផល(វិជ្ជមាន + )។ ២-ឈ្មោះ ម៉ាង ខ្លូត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ(មិនពិតប្រាកដ) ធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោមជាលទ្ធផល(អវិជ្ជមាន -)។ 

ប្រភពដដែលបន្តថា រយៈកាលកន្លងមក នៅក្នុងវត្តទួលព្រះរាជា មានចោរចូលលួចយកទ្រព្យសម្បត្តិហើយនិងសម្ភារប្រើប្រាស់រួមមានខ្សែភ្លើង និងទុយយោទឹកស្អាត រួមទាំងឌីណាម៉ូផលិតទឹកសុទ្ធអស់មួយចំនួន។  លុះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ស្រាប់តែមានជនសង្ស័យធ្វើសកម្មភាពចូលលួចគាស់សោទ្វារព្រះវិហារដោយបានលួច យកលោហៈស្ពាន់ដែលគេស្រោបនៅតាមគល់សសរព្រះវិហារអស់ចំនួន០៣ដើម នៅមុនកម្មវិធីបុណ្យភ្ជុំបិណ្ឌ។ ដោយសារតែជាប់រវល់បុណ្យជាច្រើននៅក្នុងវត្តផង ទើបព្រះសង្ឃមិនបានមកដាក់ពាក្យបណ្តឹងទាន់ពេលវេលានោះទេ រហូតមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី ទើបព្រះសង្ឃហើយនិងគណៈកម្មការអាចារ្យវត្ត បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍បាន ដើម្បីអោយសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាដែលតែងតែធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិនៅក្នុងវត្តទួលព្រះរាជាដូចបានរៀបរាប់ខាងលើ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលពោធិ៍បានបានចុះសហការជាមួយនឹងកម្លាំងជំនាញស្រុកកោះធំ ធ្វើការស្រាវជ្រាវហើយបានកំណត់មុខសញ្ញាដែលប្រព្រឹត្តករណីខាងលើនេះ បានចំនួន០២នាក់ រួមមានឈ្មោះ ឆេង  ចែ និងឈ្មោះ ម៉ាង ខ្លូត  ដែលមានទីលំនៅក្នុងភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ដែលជាមុខសញ្ញាលួចយ៉ាងសកម្ម ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពចូលលួចគាស់ទ្វារព្រះវិហារវត្តទួលព្រះរាជា លួចយកទ្រព្យសម្បត្តិពិតប្រាកដមែន។ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី៕