2023-12-25 01:12
262

ប៉ោយប៉ែត៖ អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ ដែលស្ម័គ្រចិត្តបង្រៀនសិស្សតូចៗ អស់រយៈពេលប្រមាណ ១៦ឆ្នាំ នៅសាលាបឋមសិក្សា សុខ សាន្ត នៅក្រុងប៉ោយប៉ែត បង្ហោះនូវសារលើបណ្តាញសង្គម ដើម្បីស្វែងរកការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីត្រូវបាននាយកសាលា និងប្រធានការិយាល័យអប់រំក្រុងប៉ោយប៉ែត បញ្ឈប់មិនឲ្យបង្រៀនតទៅទៀត ដោយដាក់ជំនួសមកវិញ ដោយប្អូនប្រុសរបស់នាយកសាលា ចំនួន ០២នាក់ ក្រោមហេតុផងថា «ចាស់ហើយ»។ 

 យោងតាមគណនីហ្វេសប៊ុកឈ្មោះ «អឿ មុន្នី» បានសរសេរយ៉ាងដូច្នេះថាៈ សូមគោរព សម្តេច តេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ និង សូមគោរព សម្តេចធិបតី ហ៊ុន ម៉ាណែត ជាទីគោរពដ៏ខ្ពង់ខ្ពស់ នាងខ្ញុំឈ្មោះ អឿ មុន្នី នៅតែមិនអស់ចិត្ត ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សា សុខ សាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ 

 គណនីខាងលើបានសរសេរទៀតថាៈ អ្នកគ្រូបានស្ម័គ្រចិត្តបង្រៀន ចាប់តាំងពីឆ្នាំ២០០៦ ទទួលបានប្រាក់ខែ ១៣ ០០០រៀល ក្នុងមូយខែ បង្រៀន រហូតដល់ឆ្នាំ២០២៣ ទទួលបានប្រាក់ក្នុងមួយខែ ១ ១២០ ០០០រៀល អស់រយះពេល  ១៦ឆ្នាំកន្លងមកហើយ។ 

 លុះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកនាយកសាលា និង លោកខាងមន្ទីរអប់រំក្រុង បានបញ្ឈប់នាងខ្ញុំលែងឲ្យបង្រៀនជាគ្រូជាប់កិច្ចសន្យាបន្តទៀត ដោយមូលហេតុ ដោយគេលើកឡើងថា «នាងខ្ញុំចាស់ហើយ» ក៏ប៉ុន្តែ បើសិនជាមានគ្រូក្របខណ្ឌចូលមកគេដកនាងខ្ញុំចេញក៏អស់ចិត្តដែរ តែលោកគ្រូនាយកសាលាបានដាក់ប្អូនប្រុសគាត់ ០២នាក់ ចូលមកធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យានៅសាលាបឋមសិក្សា ក្នុងភូមិសុខសាន្ត ទៅវិញ ថែមទាំងពួកគាត់ ០២នាក់នេះ ពុំមែនជាអ្នករស់នៅក្នុងភូមិសុខសាន្តនេះទេ។ 

 អ្នកគ្រូជាប់កិច្ចសន្យា អឿ មុន្នី បានសរសេរបញ្ជាក់ថាៈ ដូចបទចម្រៀងរបស់ អ្នកស្រី ហ៊ឹម សុីវន ច្រៀងពិតជាមិនខុសទេ កាលនៅគ្រាក្រគ្រូល្អនោះនៅឯណា? លោកនាយកធ្វើរបៀបនេះ វាអយុតិ្តធម៌ ចំពោះនាងខ្ញុំពេកហើយ សូម្បីតែសាលាគេដែលនៅជុំវិញភូមិយើងគេរក្សាគ្រូកិច្ចសន្យាចាស់ឲនៅដដែល លោកដឹងហើយថាខ្ញុំមានដៃតែម្ខាងពេលនេះលោកមកកាច់ឲបាក់ទាំង ០២ ហើយ។ 

 ពាក់ព័ន្ធករណីអ្នកគ្រូជាប់កិច្ចសន្យា អឿ មុន្នី ជាគ្រូស្ម័គ្រចិត្តបង្រៀន នៅសាលាបឋមសិក្សា សុខ សាន ក្រុងប៉ោយប៉ែត កើតទុកមិនសុខចិត្ត ត្រូវបានលោកនាយកសាលា និង ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងសម្រេចបញ្ឈប់លេងឲ្យបង្រៀននោះ ក្រុមការងារមិនទាន់ស្វែងរការបកស្រាយពីលោកនាយក និង លោកប្រធានការិយាល័យបាននៅឡើយទេ៕