2024-03-21 04:03
58

ភ្នំពេញ៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលមែន ស្ងាត់ៗលោក ហ្គាហ្គាន ម៉ាលីក (Gagan Malik) ដែលជាតួអង្គសម្ដែងដ៏ល្បីល្បាញក្នុ្ងងរឿង «ព្រះពុទ្ធ» ជាខ្សែរភាពយន្តនិយាយអំពីពុទ្ធប្រវត្តិរបស់ព្រះពុទ្ធជាងអង្គម្ចាស់បានអញ្ជើញមកទស្សនាប្រាង្គប្រាសាទអង្គរវត្ត នាខេត្តសៀមរាប ទឹកដីអច្ឆារយៈ នៃព្រះរាជាណាចក្រកម្ពុជា។

 យោងតាមការបង្ហោះបណ្តាញសង្គមតេឡេក្រាម របស់ វត្តរាជបូណ៌ ក្រុងសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ បានឱ្យដឹងថា «លោក Gagan Malik (ដែលជាតួអង្គសម្ដែងរឿងព្រះពុទ្ធ) ការមកដល់ប្រទេសកម្ពុជាយើង គឺជាលើកទី១ របស់គាត់ហើយ។ វត្តមានលើកទី១ នៅលើទឹកដីកម្ពុជា លោក Gagan Malik និងក្រុមការងារ បានអញ្ជើញមកខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត មិនតែប៉ុណ្ណោះ បានអញ្ជើញចូលមកវត្តរាជបូណ៌ ក្រាបថ្វាយបង្គំ សម្ដេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ដើម្បីសម្ដែងនូវការគោរព និងការគួរសមដែលលោកបានមកដល់ប្រទេសកម្ពុជាផងដែរ»

 សូមជម្រាបថា លោក Gagan Malik គាត់មិនមែនដើរតួសម្ដែងតែជាតួអង្គព្រះពុទ្ធប៉ុណ្ណោះទេ គាត់ក៏បានដើរតួសម្ដែងជាតួអង្គព្រះវិស្ណុ និងព្រះសិវៈ ផងដែរ។ លោក Gagan Malik ធ្លាប់បានបួសនៅវត្ត That Thong នាទីក្រុងបាងកកប្រទេសថៃផងដែរ។ ការមកដល់ប្រទេសកម្ពុជាលើកទី១ របស់លោក Gagan Malik គឺតាមរយៈថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យវេស្ទើន សាខាខេត្តសៀមរាប៕