2024-01-10 09:01
80

ខេត្តព្រះសីហនុ÷     លោកស្រី អ៊ុន មុយស៊ូន ភរិយាលោក សុខ ហេង ថាឃាតករ ម៉ែន កែវ បានវាយកាប់និងពូថៅបណ្ដាលឱ្យប្ដីលោកស្រីស្លាប់សុំសំណូមពរដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារគាត់ដែលរងភាពអយុត្តិធម៌ដោយក្តីអនុគ្រោះផង។

លោកស្រី អ៊ុន មុយស៊ូន បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា÷បន្ទាប់ពីឃាតករ ម៉ែន កែវ បានសម្លាប់ប្ដីរបស់អ្នកស្រីក្នុងអំឡុងខែមករា ឆ្នាំ២០២៣ កន្លងទៅលោក ខៀវ  ភារ៉ូ មេធាវី ឃាតករ ម៉ែន កែវ បានទូរសព្ទមកលោកស្រីសុំចរចាជាសំណង អ្នកស្រីបានប្រាប់ទៅលោកមេធាវីរូបនោះវិញថាលោកស្រីទាសំណង់៥ម៉ឺនដុល្លារដើម្បីយកមកធ្វើបុណ្យជូនប្ដីអ្នកស្រី ពេលនោះលោកមេធាវីប្រាប់ត្រឡប់មកអ្នកស្រីវិញថាចាំលោកនាំពាក្យនេះទៅប្រាប់កូនក្តីរបស់លោកដែលជាឃាតករសម្លាប់ប្តីលោកស្រីនោះហើយក៏បិទទូរសព្ទទៅ។

លោកស្រីបានប្រាប់មកអ្នកសារព័ត៌មានយើងទៀតថារហូតមកដល់ពេលនេះលោក ខៀវ ភារ៉ូ ដែលជាមេធាវីឃាតករ មែន កែវ មិនបានផ្ដល់ចម្លើយអ្វីមកលោកស្រីនោះឡើង។

លោកស្រី អ៊ុន មុយស៊ូន បានប្រាប់អ្នកសារព័ត៌មានយើងបន្ថែមទៀតថា ÷ក្រោយមកលោក ថន ក្រឡាបញ្ជីសាលាដំបូងខេត្តព្រះសីហនុបានទូរសព្ទមកលោកស្រីក្នុងអំឡុងខែកុម្ភៈឆ្នាំ ២០២៣ប្រាប់ថាឲ្យលោកស្រីចូលខ្លួនមកតុលាការសាលាដំបូងដើម្បីបំភ្លឺលើករណីអំពើឃាតកម្មវាយប្រហារកាត់និងពូថៅបណ្ដាលឲ្យប្ដីលោកស្រីស្លាប់យ៉ាងអណោចអធម្មនៅនឹងកន្លែងកើតហេតុ។លោកស្រីរៀបរាប់ទៀតថាតុលាការបានសួរនាំពីស្ថានភាពគ្រួសារលោកស្រីបន្ទាប់មកតុលាការសួរថាបើគេចរចាត្រូវទាមទារសំណង់ប៉ុន្មានពីជនបង្ក ។លោកស្រីថាសំណង់នាងខ្ញុំទាមទារឲ្យ មែន កែវ ផ្តល់ជូននាងខ្ញុំចំនួនទឹកប្រាក់ ៥ម៉ឺនដុល្លា។ពេលនោះតុលាការកត់ត្រាចូលក្នុងកំណត់ហេតហើយក្រឡាបញ្ជីសាលាដំបូងខេត្តព្រះសីហនុប្រាប់មកនាងខ្ញុំវិញថាលោកនឹងនាំពាក្យនេះទៅប្រាប់លោក ខៀវ ភារ៉ូ មេធាវី ម៉ែន កែវ ដែលជាជនបង្ក។

លោកស្រី អ៊ុន ម៉ុយស៊ូន បន្តប្រាប់អ្នកសារព័ត៌មានយើងទៀតថារយៈពេលមួយខែក្រោយមកលោក ថនក្រឡាបញ្ជីសាលាដំបូងខេត្តព្រះសីហនុក៏បានទូរសព្ទហៅលោកស្រីទៅជួបនៅសាលាដំបូងខេត្តផ្តល់ដំណឹងអំពីសំណងភាគីបង្កឲ្យមកលោកស្រីដែលជាភរិយាជនរងគ្រោះជាប្ដីគឺលោក សុខ ហេង ប្រាប់ថាភាគីបង្កមានលទ្ធភាពសងត្រឹមតែ១ម៉ឺន ដុល្លារប៉ុណ្ណោះ។ពេលនោះលោកស្រីថានាងខ្ញុំមិនអាចទទួលយកបាននោះទេប្ដីនាងខ្ញុំស្លាប់ទាំងមូលសងសំណង់ត្រឹមតែ១ម៉ឺនដុល្លាយកទៅធ្វើបុណ្យមិនគ្រប់ផង។

លោកស្រី អ៊ុន មុយស៊ូន ក្រោយចរចាស្ងាត់អស់មួយរយៈ មួយរយៈក្រោយមកលោក ថន ដែលជាក្រឡាបញ្ជីសាលាដំបូងខេត្តព្រះសីហនុបានប្រាប់តាមទូរសព្ទមកអ្នកស្រីថា មែន កែវ សុំធានាខ្លួននៅក្រៅឃុំ ប៉ុន្តែសាលាដំបូងខេត្តព្រះសីហនុមិនអនុញ្ញាតឲ្យនៅក្រៅឃុំនោះឡើយ ហើយក៏បញ្ជូនសំណុំរឿងនេះទៅសាលាឧទ្ធរណ៍។

សំណុំរឿងឃាតកម្មនេះបានធ្លាក់ទៅដល់សាលាឧទ្ធរណ៍ លោកស្រីថាមួយរយៈពេលក្រោយមកទៀតសាលាឧទ្ធរណ៍ក៏បានទូរសព្ទមកលោកស្រីឱ្យចូលខ្លួនបំភ្លឺនៅសាលាឧទ្ធរណ៍នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣ គឺលោកចៅក្រម សុខ កល្យាណ បានសួរនាំលោកស្រីពាក់ព័ន្ធអ្វីជាមួយជនរងគ្រោះលោកស្រីបានប្រាប់ថាលោកស្រីគឺជាភរិយារបស់ជនរងគ្រោះគឺលោក សុខ ហេង ។លោកស្រីបន្តទៀតថាលោក សុខ កល្យាណ គាត់សួរថាលោក មែន កែវសុំ ធានាខ្លួននៅក្រៅឃុំដោយតម្កល់ប្រាក់ចំនួន៥ពាន់ដុល្លារ តើលោកស្រីព្រមដែរឬទេ?លោកស្រីបានប្រាប់ទៅវិញថាលោកស្រីមិនព្រមនោះទេវាសម្លាប់ប្ដីលោកស្រីស្លាប់ដោយអយុត្តិធម៌បំផុតហេតុអីឱ្យឃាតករម៉ែនកែវនៅក្រៅឃុំ។

ជុំវិញបញ្ហារៀបរាប់ខាងលើនេះលោកស្រី អ៊ុន មុយស៊ូន សូមអំពាវនាវដល់ដល់អ្នកច្បាប់ទាំងឡាយពិសេសឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលលោកមានឆន្ទៈមោះមុតជួយដល់ប្រជាពលរដ្ឋរងគ្រោះកន្លងមក ដូចជាករណីក្រុមទំនើងបើករថយន្តប្រដេញប្រជែងគ្នាបុកស្លាប់កីឡាករដ៏ឆ្នើមម្នាក់នៅរាជធានីភ្នំពេញ ហើយលោកបានចេញបញ្ជាឲ្យសាលាដំបូងរាជធានីភ្នំពេញសើរើសំណុំរឿងនេះចាត់វិធានការនាំខ្លួនជនបង្កមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកស្រីសង្ឃឹមយ៉ាងមុតមាំទៅលើឯកឧត្តម កើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រីសង្ឃឹមជឿជាក់ថាសំណុំរឿងឃាតកម្មមកលើប្ដីលោកស្រីឯកឧត្តមនិងជួយដល់គ្រួសារលោកស្រីសារើសំណុំរឿងឃាតកម្មមកលើប្ដីលោកស្រីដែលត្រូវជនដៃដល់ ម៉ែន កែវ ដែលជាឃាតករចិត្តដាច់វាយកាប់នឹងពូថៅបណ្ដាលឲ្យស្លាប់យ៉ាងអយុត្តិធម៌កាលពីព្រលបថ្ងៃទី២៣ខែធ្នូឆ្នាំ២០២២កន្លងទៅនៅចំណុចឃ្លាំងប្រេងឥន្ធនៈសូគីមិចស្ថិតក្នុងភូមិ ៤ ឃុំអូត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុ រហូតមកដល់ពេលនេះឃាតករម៉ែនកែវរស់នៅក្រៅឃុំមានសេរីភាពដូចជាគ្មានរឿងអ្វីទាល់តែសោះ។