2023-10-11 11:10
298

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះថា៖ ក្នុងរយៈពេល ៤ថ្ងៃកន្លងទៅនេះ មន្រ្តីជំនាញ ក.ប.ប. បើកយុទ្ធនាការត្រួតពិនិត្យទំនិញបន្ថែមទ្វេដងលើគ្រឿងឧបភោគបរិភោគសម្រាប់ទេយ្យទាន និងបម្រើឱ្យសុខុមាលភាពអ្នកប្រើប្រាស់។ 

ជាក់ស្ដែងសាខា ក.ប.ប. រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ និងទី៩ ខែតុលា ឆ្នាំ២០២៣ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារ បឹងកេងកង និងច្បារអំពៅ ដោយបាន នាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យទំនិញម្ហូបអាហារ និងដកយកសំណាកគំរូជាក់ស្តែងប្រមាណជាង ៣០ រួមមាន បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុកផ្អក ស្លឹកគ្រៃហាន់ ខ្ញីហាន់ សរសៃគុយទាវ មី ជាដើម ដើម្បីយកមកវិភាគនៅក្នុងរថយន្តពិសោធន៍ ។

ក្រោយពីត្រួតពិនិត្យ វិភាគសំណាកគម្រូ ជាលទ្ធផលពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ក្នុងគម្រូទាំងនោះទេ ។ ជាមួយនោះបានធ្វើការត្រួតពិនិត្យលើអនុលោមភាពផលិតផលវេចខ្ចប់ កាដូរវត្ថុអនុស្សាវរីយ៍  សាដក់ និងគ្រឿងទេយ្យទាន សម្រាប់ប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានា អំឡុងពេលរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ដើម្បីការពារសុខុមាលភាព និងការក្លែងបន្លំជូនអ្នកប្រើប្រាស់ជៀសវាងភាពមិនប្រក្រតីកើតឡើងជាយថាហេតុ ។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញអាជីវករចំនួនជាង ២០នាក់ ដែលប្រកបអាជីវកម្មក្នុងផ្សារទាំងពីរខាងលើ ដែលតាំងលក់ផលិតផលគីមី មកស្តាប់ការធ្វើបទបង្ហាញ និងផ្សព្វផ្សាយខ្លឹមសារ ប្រកាសស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន លេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងអប់រំ និងបញ្រ្ជាប ការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់៕