2023-12-18 06:12
118

 (កំពង់ចាម)៖ លោក ហួត ហាក់ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកការងារយុវជនប្រចាំស្រុកចំការលើ ខេត្តកំពង់ចាម តំណាងលោក ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយសិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សរុបចំនួន៤៣០នាក់ នៅស្រុកចំការលើ។

 លោកបានសម្តែងនូវការអបអរសាទរ ចំពោះលោកគ្រូ អ្នកគ្រូ លោក លោកស្រី ឪពុកម្តាយអាណាព្យាបាល សិស្សានុសិស្ស ទាំង៤៣០នាក់ ដែលទទួលបានជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ស្របតាមទិសស្លោក «អ្នកចេះ គឺជាប់»។ តាមតួលេខឆ្នាំនេះជាប់បានតែ៦៨.៩០% បើធៀបនិងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅដែលយើងជាប់បាន៧២,៨០% តែគុណភាពអប់រំបានកើនឡើង (២០២២៖ A ចំនួន៥នាក់, ២០២៣៖ A ចំនួន៨នាក់)។

 លោក ហួត ហាក់ បានបន្តថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូលនៃយុទ្ធសាស្ត្រ ហើយក្នុងមុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដែលយកចិត្តទុកដាក់លើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស។

 ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះទាំង៥ ដែលក្នុងនោះ មានការលើកកម្ពស់គុណភាពអប់រំសាលារដ្ឋពីថ្នាក់មតេយ្យ ដល់មធ្យមសិក្សា (ថ្នាក់ទី១២) ហើយនេះជាលទ្ធផល នៃការសិក្សានៅថ្ងៃនេះ គឺបានមកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណៈនាយកសាលា លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងអាណាព្យាបាល ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការនេះ។

 ទន្ទឹមនឹងនោះ លោកបានកោតសរសើរខ្លាំងណាស់ ដែលប្អូនៗបានខិតខំរៀនសូត្រ១២ឆ្នាំកន្លងមកនេះ ហើយចុងក្រោយបានទទួលជ័យលាភី គួរជាទីគាប់ចិត្ត ចាប់ពីពេលនេះតទៅប្អូនៗ ត្រូវសម្រេចចិត្តចូលរៀនបន្តនៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យមួយណា ដែលប្អូនៗមានបំណងចង់ចូលរៀន ប្អូនៗខ្លះរៀនជំនាញ ប្អូនៗខ្លះក៏ទៅធ្វើការមួយរយៈសិន រួចក៏បន្តការសិក្សាតទៅទៀត ចឹងគឺជាជម្រើសមួយដែលទាមទារឲ្យយើងត្រូវធ្វើការសម្រេចចិត្ត។

 លោកក៏សូមឲ្យសិស្សានុសិស្ស បន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អ (មានសុភាវធម៌៖ សុជីវធម៌ សីលធម៌ និងគុណធម៌) ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល និងសូមចងចាំជានិច្ចថា បើយើងស្រលាញ់ខ្លួន ស្រលាញ់ឪពុកម្តាយ និងចង់មានអនាគតរុងរឿង គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងជៀសវាងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ៕