2024-03-09 10:03
68

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជា ៨ព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សពជនរងគ្រោះមានឈ្មោះ សុខឿន មករា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ កណ្តាល 1P-3899 ។ ចំណែករថយន្តបង្កម៉ាក HYUNDAI DUMP ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3B-2015 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ (រត់គេចពីកន្លែងកើតហេតុ) ។

ប្រភព័ត៌មានបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ គេបានឃើញជនរងគ្រោះបើកបរម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២១ មានទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់រង់ចាំភ្លើងស្តុប ខណៈនោះដែរ ស្រាប់តែមានរថយន្តធន់ធំមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ដែលបើកបរក្នុងទិសដៅស្របគ្នា រួចបត់ស្តាំដោយមិនគោរពភ្លើងសញ្ញាចរាចរណ៍ ហើយបានបុកកិនជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗ ក្រោយបុកកិនមនុស្សស្លាប់ តៃកុងរថយន្តបានចុះពីលើរថយន្ត រត់គេចខ្លួនបាត់ស្រមោល ។ 
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើការវាស់វែង រួចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯមធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចបានដឹកយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធី ៕