2023-09-23 12:09
151

ភ្នំពេញ ៖ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ចំណុចភ្លើងស្តុប កែងផ្លូវបេតុងវត្តអង្គត្រគៀត ក្នុងភូមិកន្ទោកត្បូង (ហៅភូមិត្រាំស្លឹក) សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យជាជនជាតិចិនមួយក្រុម មានគ្នា៣នាក់ បានធ្វើសកម្មភាពចាប់បង្ខាំងជនជាតិវៀតណាម២នាក់ឳពុកនិងកូនស្រី ជំរិតទារប្រាក់ មិនទាន់បានសម្រេចផង បែកការណ៍ ផ្អើលបើករថយន្តដឹកជនរងគ្រោះព្យាយាមរត់គេច ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ប្រដេញតាម ត្រូវបានជនសង្ស័យបើករថយន្តតាមបុក ហើយបាញ់ទៅលើកងកម្លាំង បង្កឲ្យផ្អើលអស់អ្នកដំណើរតាមដងផ្លូវ ត្រូវបានកងកម្លាំងផ្ទុះអាវុធតប ត វិញ ដោយបាញ់បំបែកកង់រថយន្ត ហើយដេញបុកកៀរឱ្យឈប់ ចូលចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិនបានម្នាក់ ចំណែក២នាក់ទៀតចុះរត់គេចខ្លួនបាត់ រំដោះបានជនរងគ្រោះ ជាជនជាតិវៀតណាម២នាក់ឪពុកកូនស្រីដោយសុវត្តិភាព ខូចខាតរថយន្តចំនួន៣គ្រឿង រថយន្តជនសង្ស័យ១គ្រឿង រថយន្តសមត្ថកិច្ច២គ្រឿង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានជុំវិញករណីខាងលើ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវមុខសញ្ញាចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ បង្កឡើងដោយជនសង្ស័យជាជនជាតិចិនមួយក្រុមគ្នា៣នាក់ ចាប់បង្ខាំងជនជាតិវៀតណាម២នាក់ ឳពុកនិងកូនស្រី ដឹកតាមរថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-2282 ទៅឈប់តាមផ្លូវនៅមុខព្រលានយន្តហោះពោធិចិនតុង ខណ្ឌពោធិ៍សែនជ័យ គម្រាមជនរងគ្រោះ បង្ខំឱ្យក្រុមគ្រួសារផ្ញើលុយឱ្យពួកគេ ជាថ្នូរនឹងការដោះលែង តែមិនទាន់បានសម្រេចផង ឃើញកម្លាំងអាវុធហត្ថ ជនសង្ស័យបានបើករថយន្តរត់គេចទៅតាមផ្លូវជាតិលេខ៣  ត្រូវបានកម្លាំងប្រដេញតាម បត់ចូលតាមផ្លូវវត្តគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ឡើងទៅលើផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ បត់ឆ្ពោះទៅជើង កម្លាំងបន្តដេញតាម ធ្វើឲ្យជនសង្ស័យ បើករថយន្តដេញកៀររថយន្តរបស់អាវុធហត្ថ ហើយបាញ់គម្រាម ដើម្បីបើករត់គេចខ្លួន ធ្វើឲ្យកម្លាំងសមត្ថកិច្ចផ្ទុះអាវុធតប ត ដោយបាញ់បំបែកកង់រថយន្តជនសង្ស័យបែកអស់២គ្រាប់ រួចដេញបុកកៀរឱ្យឈប់ ត្រង់ចំណុចភ្លើងស្តុប ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល ចូលចាប់ខ្លួនជនសង្ស័យបាន១នាក់ ចំណែក២នាក់ទៀតស្ទុះលោតចុះរត់គេចខ្លួនបាត់ រំដោះបានជនរងគ្រោះ២នាក់ឪពុកនិងកូនស្រី បានដោយសុវត្តិភាព ។

ក្នុងហេតុការណ៍ខាងលើ រថយន្តរបស់មន្ត្រីអាវុធហត្ថខូចខាត២គ្រឿង រថយន្តរបស់ជនសង្ស័យខូចខាតផងដែរ តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។ ក្រោយចាប់ឃាត់ខ្លួនបានជនសង្ស័យ រំដោះបានជនរងគ្រោះ រួមទាំងវត្ថុតាង នាំយកទៅទីបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបក្ខពួកបន្តទៀត ៕