2024-02-09 05:02
71

ពោធិ៍សាត់ៈនៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍ ចំនួនពីរក្រុម នៃស្នងការនគរបាលខេត្តពោធិ៍សាត បានចេញសហប្រតិបត្តិការ ចុះត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លើបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សារធាតុញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ។ ក្រុមការងារនៃកិច្ចសហការនេះ ទី១ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន ដែលមានកម្លាំងជំនាញ មកពីផែនការងារនគរបាលប្រឆាំងគ្រឿងញៀន លោក កែវ សារិ ដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងកងអាវុធហត្ថក្រុងពោធិ៍សាត់ ធ្វើការត្រួតពិនិត្យ នៅចំណុចស្តុបផ្លូវបំបែកក្បែរសាលាខេត្តពោធិ៍សាត់ ដោយបានឃាត់ម៉ូតូដែលមិនបំពាក់ស្លាកលេខ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន យកមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ធ្វើតេស្តរកសារធាតុញៀន ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ចំនួន០១នាក់ និងអ្នកប្រើប្រាស់សារធាតុចំនួន០៥ និងចាត់ការនីតិវិធី រីឯអ្នកដែលមិនមានសារធាតុក្រោយពេលធ្វើតេស្តរួច ត្រូវបានទទួលការអប់រំ ពីលោកអភិបាលរងខេត្ត លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងលោកស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន ឲ្យប្អូនៗ នៅឆ្ងាយពីសារធាតុញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ បំពាក់ស្លាកលេខម៉ូតូឲ្យបានត្រឹមត្រូវ និងអនុញ្ញាតឲ្យត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ។ ក្រុមទី២ ដឹកនាំដោយលោក ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការងារផែនការងារសណ្តាប់ធ្នាប់ ដែលមានកម្លាំងមកពីការិយាល័យនគរបាលចរាចរាណ៍ផ្លូវគោក នៃកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងនៃការិយាល័យនគរបាលប្រឆាំងអាវុធ ជាតិផ្ទុះ ជាតិពុល ធ្វើការត្រួតពិនិត្យ នៅផ្លូវកំណាត់ជាតិលេខ៥ ចន្លោះស្តុបផ្សារភួ ពុយ និងស្តុបស្ថាននីយ៍រថភ្លើង ដោយបានឃាត់រថយន្តដែលបំពាក់ភ្លើងខុសបច្ចេកទេស អប់រំឲ្យអ្នកបើកបរធ្វើការដោះចេញជាបន្ទាន់ ធ្វើការត្រួតពិនិត្យវាស់កម្រិតជាតិស្រវឹង ធ្វើការផាកពិន័យ និងមិនអនុញ្ញាតិអោយអ្នកបើកបរ ដែលមានជាតិស្រវឹងលើសកម្រិតបន្តបើកបររថយន្ត ដោយត្រូវផ្លាស់ប្តូរអ្នកបើកបរម្នាក់ទៀត ដែលរួមដំណើរមកជាមួយគ្នា ធ្វើការត្រួតពិនិត្យរកសារធាតុញៀន អាវុធ គ្រឿងផ្ទុះ អប់រំឲ្យអ្នកបើកបរគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសវាងដាច់ខាតការប្រើប្រាស់សារធាតុញៀន អាវុធ ជាតិផ្ទុះ ខុសច្បាប់ ៕ លាន គ្រន