2024-01-14 04:01
114

(កំពង់ធំ)៖ សមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់គឺជាអង្គបោះឆ្នោតដ៏សំខាន់បំផុតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានិងប្រធានព្រឹទ្ធសភាសម្រាប់នីតិកាលទី៥ ដោយមិនឱ្យមានអវត្តមាននៃសមាជិកសមាជិកាណាម្នាក់បានឡើយ។
    នេះគឺជាការលើកឡើងរបស់លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាឃុំទាំង១០ ក្នុងស្រុកសន្ទុកថ្ងៃទី១៤ ខែមករាឆ្នាំ ២០២៤ នៅទីស្នាក់ការគណបក្សស្រុក។
    លោកស្រីថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ដែលបានបោះឆ្នោតគាំទ្រការជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ កន្លងមកហើយលោកជំទាវបានកោតសរសើរដល់ក្រុមការងារសមាជិកសមាជិកាស្រុកឃុំទាំងអស់ដែលជាកម្លាំងស្នូលដ៏រឹងមាំក្នុងមូលដ្ឋាន ដែលបានលះបង់គ្រប់បែបយ៉ាងដោយទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាននៅក្នុងអាណត្តិទី៥នេះ។
   លោកស្រីបានបន្តទៀតថា អ្វីដែលលោកជំទាវទទួលបានការគាំទ្រនិងទុកចិត្តពីថ្នាក់ដឹកនាំកំពូលគឺដោយសារតែលោកជំទាវផ្ទាល់ហ៊ានលះបង់ជូនបងប្អូនប្រជាពលរដ្ឋស្រឡាញ់យុត្តិធម៌ តស៊ូគ្រប់កាលៈទេសៈជាមួយបងប្អូនមានទុក្ខលំបាកយើងនៅជាមួយគាត់ យើងមិនរត់ចោលពួកគាត់។
   លោកស្រីពិតជាមានមោទនភាពដោយសារការខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការជ្រោមជ្រែងយ៉ាងខ្លាំងក្លា"យើងប្រឹងផងយើងបានប៉ុណ្ណឹងចុះបើយើងមិនប្រឹងតើយើងបាត់បង់ប៉ុណ្ណា កុំបាក់ទឹកចិត្ត " នេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់លោកជំទាវដែលបានធ្វើឲ្យថ្នាក់ដឹកនាំមើលឃើញនិងតែងតាំងលោកជំទាវជាសមាជិកព្រឹទ្ធសភាជ្រើសតាំងបោះឆ្នោតនៅក្នុងអាណត្តិទី៥ ឈរឈ្មោះនៅលេខរៀងទី៣។ បើយើងមានសម្ដេចតេជោ ជាប្រធានគណបក្សប្រជាជន ជាអគ្គមគ្គទេសឯក ជាប្រធានព្រឹទ្ធសភាហើយនោះប្រទេសកម្ពុជារស់នៅក្នុងសុខសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ចជឿនលឿនដូចប្រទេសនានាលើសកលោក។ ដូចនេះអង្គបោះឆ្នោតទាំងអស់ត្រូវតែបោះឆ្នោតជូនសម្ដេច ប្រសិនបើយើងធ្វើឲ្យខូចសន្លឹកឆ្នោតណាមួយ នោះមានន័យថាយើងត្រូវបានគេអូសទាញ ចំណុចនេះអង្គបោះឆ្នោតទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន  យើងជាអ្នករឹងមាំយើងត្រូវតែអូសទាញគេវិញដើម្បីឲ្យគេគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
    លោកស្រីសង្ឃឹមយ៉ាងមុតមាំថាលោកពូអ្នកមីងទាំងអស់គឺសន្លឹកឆ្នោតដ៏មានសារៈសំខាន់ ហើយចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាជូនគណបក្ស ប្រជាជនដោយមិនឲ្យសន្លឹកឆ្នោតណាមួយក្លាយជាសន្លឹកឆ្នោតអត់បានការនោះទេ។
សូមបញ្ជាក់ថានៅចុងបញ្ចប់នៃកម្មវិធីលោកស្រី ឃួន ឃុនឌី បានចែកជូនដល់សមាជិកសមាជិកា ឃុំចំនួន៨១នាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១ និងថវិកាមួយចំនួនផងដែរ។