2023-04-11 07:04
327

កំពង់ស្ពឺ៖ ស្ត្រីម្នាក់បានស្លាប់នៅកន្លែង ខណៈជិះម៉ូតូសុខៗត្រូវរថយន្តបុកកិន នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ (៥៨-៥៩) ត្រង់ចំណុចក្បាលស្ពាន ភូមិកណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ។
 

នគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HU-0850 បើកបរដោយស្ត្រីរងគ្រោះមានឈ្មោះ ឡុក គន្ធា អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរពីទិសខាងលិចទៅទិសខាងកើតមកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកនឹងអត្តសញ្ញាណអ្នកបើកបរបុកម៉ូតូស្ត្រីរងគ្រោះពីក្រោយពេញទំហឹងបណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅ។


ប្រភពបានបន្តទៀតថា ក្រោយកើតហេតុរថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលបើកបរស្របទិសគ្នា។ មន្ត្រីជំនាញបានធ្វើការវាស់វែង ព្រមទាំងបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។


វត្ថុតាងម៉ូតូ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមហាសាំង ចំពោះរថយន្តបង្កបើករត់គេចពីកន្លែងកើតហេតុ។ ករណីនេះ កម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវ៕