2023-04-17 09:04
384

 

សៀមរាប៖ គម្រប់ខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានដំណើរការទៅប្រកបដោយក្តីរិករាយ ស្និតស្នាល ក្នុងមហាគ្រួសារខ្មែរ នៅរសៀលថ្ងៃ ១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស២០៦៦ ត្រូវថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៣ ត្រូវថ្ងៃទី៣ ដែលជាថ្ងៃវរៈឡើងស័ក នៅមុខប្រាសាទបាយ័ន បានរៀបចំធ្វើពិធីស្រង់ព្រះ និងនិមន្តព្រះសង្ឃ ចំរើនព្រះបរិទ្ធ លើករាសីឆ្នាំថ្មី ឆ្នាំ២០២៣នេះ។

ពិធីដ៏វិសេសវិសាលនោះ ដោយមានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ និង ភ្ញៀវជាតិ អន្តរជាតិចូលរួមយ៉ាងច្រើនកុះករ ។ 

មុនការប្រារព្ធពិធីតាមបែបសាសនា ក៏មានធ្វើការដង្ហែរព្រះពុទ្ធរូបប្រទកិ្សណ ជុំវិញប្រាង្គប្រាសាទបាយ័នទៅតាមពុទ្ធបញ្ញតិរបស់ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ 

តាមការបញ្ជាក់របស់គ្រូអាចារ្យបានឲ្យដឹងថា ការរៀបចំពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី ៣ ដែលត្រូវនឹងថ្ងៃវរៈឡើងស័ក ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងតែមកវត្តអារាម ឬទីកន្លែងមួយដែលបានកំណត់នៅក្នុងថ្ងៃនេះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬ អ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរលោកមានជំនឿតៗគ្នាមកយូរលុងមកហើយ។ 

លោកតាអាចារ្យក៏បានបញ្ជាក់ថា ទឹកតំណាងភាពត្រជាក់ ម្ល៉ោះហើយនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឲ្យគេ និង គេស្រោចឲ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និង ជាតិក្រោយ។ ម៉្យាងទៀតពិធីស្រង់ព្រះនេះ ក៏ជាយុទ្ធសាស្ត្រអប់រំមួយ និង បង្កភាពសប្បាយដល់ស្រទាប់យុវជន ព្រមទាំងក្មេងចាស់ ដោយមិនបានប្រកាន់គ្នា ក្នុងស្មារតីសាមគ្គីជាតិខ្មែរ នៃមហាគ្រួសារខ្មែរ តែមួយ ។

សូមជម្រាបថា ក្នុងរយៈពេល ៣៦៥ ថ្ងៃ ពិធីចូលឆ្នាំមានត្រឹមតែ ៣ ថ្ងៃទេ និង ចំរដូវដែលមានអាកាសធាតុក្ដៅ (ខែចេត្រ) ដែលអត្ថន័យ នៃពិធីនេះ មិនខុសអីពីការសំដែងដឹងគុណដល់អ្នកមានគុណនោះដែរ ព្រោះព្រះបដិមាសំដៅលើព្រះពុទ្ធ ដែលជាព្រះសំដែងធម៌ទេសនាប្រោសមនុស្សសត្វអស់កាលដ៏យូរ ដូច្នេះពុទ្ធបរិស័ទមកសំដែងគុណដោយធ្វើ ពិធីស្រង់ព្រះ លាងស្រោចដោយទឹកអប់ផ្កាភ្ញីជម្រះធូលីឱ្យត្រជាក់។ 

ចំណែកឯមាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ ឬអ្នកមានគុណ កូនចៅមកស្រោចទឹក ឬងូតទឹកដុសក្អែលឱ្យ ក៏ដើម្បីបង្ហាញពីការដឹងគុណ និងឱ្យត្រជាក់ពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីទាំងអស់គ្នា៕