2023-09-23 04:09
195

(កំពង់ចាម)៖ អភិបាលរងខេត្តកំពង់ចាមលោកស្រី ប៉ាង ដានី នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកការប្រកួតកីឡាប៊ូល ដើម្បីជ្រើសរើសជើងឯកពានរង្វាន់ «ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម» ការប្រកួតនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅបរិវេណការិយាល័យអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ស្ថិតនៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ក្នុងក្រុងកំពង់ចាម។

បើតាម លោក ចាប សុផល គណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដោយមានការសហការឧបត្ថម្ភដោយលោក បូ សម្បត្តិ និងឈាង កក្កដា ដើម្បីជ្រើសរើសជើងឯកពានរង្វាន់ «ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម» គឺប្រកួតរយៈពេល ២ថ្ងៃ (២៣-២៤ ខែកញ្ញា ឆ្នាំ២០២៣)។
លោកបានបញ្ជាក់ថា ការប្រកួតនេះជាការប្រកួតទ្រង់ទ្រាយធំ ដែលមានការចូលរួមពីកីឡាករសរុបចំនួន ៤០ក្រុម មកពីបណ្ដាខេត្តនានា ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ លោកស្រី ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម បានថ្លែងទៅកាន់ក្រុមកីឡាករទាំងអស់ថា ការប្រកួតនេះរៀបចំក្នុងគោលបំណងទី១៖ បំផុសសកម្មភាពកីឡាប៊ូល និងប៉េតង់ នៅក្នុងក្រុង-ស្រុក និងតាមរាជធានី-ខេត្ត, ទី២៖ ជួយបំផុសស្មារតីប្រជាពលរដ្ឋ ចូលរួមលេងកីឡាដើម្បីសុខភាព កាយសម្បទាមាំមួន និងឆន្ទៈមោះមុត និងទី៣៖ បង្កើនការជួបជុំគ្នា បង្កបរិយាកាសសប្បាយរីករាយ ផ្លាស់ប្ដូរបទពិសោធន៍ បង្កើនមិត្តភាព សាមគ្គីភាព ការប្រាស្រ័យទាក់ទងគ្នា ឱ្យកាន់តែស្អិតរមួតរវាងខេត្តមួយទៅខេត្តមួយ និងក្នុងតំបន់ ដើម្បីចេះរួមរស់ជាមួយគ្នាយ៉ាងល្អប្រសើរនៅក្នុងសង្គមជាតិ។

លោកស្រីអភិបាលរងខេត្ត បានយកឱកាសនោះផ្ដាំផ្ញើ ដល់គណៈកម្មការរៀបចំការប្រកួត ត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ និងគោរពបទបញ្ជា បច្ចេកទេសនៃការប្រកួត កីឡាករត្រូវគោរពបទបញ្ជានៃការប្រកួត និងត្រូវគោរពគ្នាទៅវិញទៅមក និងត្រូវយកចិត្តទុកដាក់លើសុខភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ។ម្យ៉ាងទៀត កីឡាករត្រូវខិតខំប្រឹងប្រែង ព្រោះនេះជាឱកាស ដើម្បីបញ្ចេញសមត្ថភាព ព្រមទាំងអាចពង្រឹងបន្ថែម និងទទួលបាននូវបទពិសោធន៍ថ្មីៗ ដើម្បីអភិវឌ្ឍ និងបង្កើនសមត្ថភាពផងដែរ ៕