2023-06-05 06:06
286


(ខេត្តកំពត)៖    នាព្រឹកថ្ងៃទី៥  ខែមិថុនា    ឆ្នាំ២០២៣នេះ ឯកឧត្តម នៃ គង់ អភិបាលរងខេត្តកំពតបានមានប្រសាសន៍លើកឡើងថាដោយមានការចូលរួមពីរដ្ឋបាលខេត្ត ក្រុង ស្រុក ជាមួយនឹងមន្ទីរអង្គភាពជុំវិញខេត្តនៅក្នុងសកម្មភាពចូលរួមការពារអនាម័យនិង បរិស្ថាន ដែលបានធ្វើឲ្យទីក្រុងកំពតបានជាប់ជាទីក្រុងស្អាតរំដួលបីទងជាប់ៗគ្នារយៈពេល៩ឆ្នាំកន្លងមកនេះបានជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។


ឯកឧត្តម នៃ គង់ អភិបាលរងខេត្តបានបន្តទៀតថាខេត្តកំពតដែលមានតំបន់ទេសចរណ៍ស្អាតហើយទាក់ទាញ ៣៤ កន្លែងដែលមានភ្ញៀវទេសចរចូលមកលេងកម្សាន្តច្រើនក្នុង១សប្តាហ៍ នៅន្លោះ២៥០០០នាក់ទៅ៣៥០០០នាក់និងធ្វើសំរាមកើនឡើងក្នុងមួយថ្ងៃធ្វើឱ្យក្រុងកំពតមានសំរាមនិងប្រមូលសំរាមបានចន្លោះ១០០តោនទៅ១៤០តោន។
បើយោងតាម មន្ត្រីជំនាញបានលើកឡើងថា ប្រព័ន្ធអេកូឡូស៊ីមានសារៈសំខាន់ណាស់សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ ហើយដោយសារកំណើនមនុស្ស កំណើនការប្រើសប្រាស់ធនធានធម្មជាតិ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី។
មន្ត្រីជំនាញ និងអាជ្ញាធរស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាថែរក្សា និងស្តារធនធានធម្មជាតិ សម្អាតបរិស្ថានអនាម័យ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឲ្យល្អប្រសើរឡើងវិញ។ 
លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា ខ្យល់ដែលយើងអាចដកបានដោយសារតែការរក្សាបាននូវប្រព័ន្ធអេកូឡូស៊ី  ធ្វើធនធានព្រៃឈើមានសំណើមជានិច្ច ធ្វើខ្យល់បរិសុទ្ធ ទប់ស្កាត់ការហូរច្រោះដី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ទប់ស្កាត់ការបំភាយ ឧស្ម័នផ្ទះកញ្ចក់ រក្សាបាននូវលំនឹងបរិស្ថាន ប៉ុន្តែដោយសារកំណើនប្រជាពលរដ្ឋរាល់ឆ្នាំៗ តម្រូវការដីសម្រាប់ធ្វើកសិកម្ម និង សង់លំនៅដ្ឋាន ការអភិវឌ្ឍន៍សេដ្ឋកិច្ចលឿនពេក និងការបោះចោលសំណល់ប្លាស្ទិកពាសវាលពាសកាលទើបតម្រូវឱ្យមាន “ការស្ដារឡើងវិញប្រព័ន្ធអេកូឡូស៊ី ឡើងវិញ។
លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្ត  បានលើកឡើងនៅក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា នៅបរិវេណរូបសំណាកព្រះអង្គឌួងក្រុងកំពត នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣  ក្រោមប្រធានបទ “ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី។
ឯកឧត្តមបានស្នើសូមដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់គ្នា ត្រូវបន្តចូលរួមឲ្យបានសកម្មថែមទៀត លើកការងាររៀបគ្រប់គ្រង និងទុកដាក់ កាកសំណល់រឹងរាវឱ្យបានត្រឹមត្រូវនៅតាមគេហដ្ឋាន ក៏ដូចជាតាមទីធ្លាសាធារណៈ និងទីប្រជុំជនផ្សេង  ហើយឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ស្រុក ក្រុងទាំងអស់ ត្រូវបង្កើតចលនាគ្រប់គ្រងបរិស្ថាន នៅតំបន់គោលដៅរបស់ខ្លួនឲ្យបានម៉ត់ចត់ និងគោរពទៅតាមតួនាទី ដែលរាជរដ្ឋាភិបាលបានដាក់ជូន។