2023-09-28 05:09
585

ប៉ោយប៉ែត៖ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីថៃបានអញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានមានវត្តមានអមនាយករដ្ឋមន្ត្រីទាំងពីរក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតផងដែរ។

អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានឱ្យដឹកថា “មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ចាប់ផ្តើមសាងសង់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ហើយបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃ”។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានបន្ថែមទៀតថា “មជ្ឈមណ្ឌលសំចតប៉ោយប៉ែតមានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមាន ទំហំដីសរុប ៤៩០០ ម៉ែត្រការ៉េ (បណ្តោយ ៩៨ម៉ែត្រ និងទទឹង ៥០ម៉ែត្រ)។ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតនេះ ត្រូវប្រើប្រាស់សម្រាប់ទទួលពលករចំណាកស្រុកមកពីប្រទេសថៃ ក្នុងការកំណត់អត្តសញ្ញាណកម្ម និងផ្តល់សេវាសង្រ្គោះបឋម ។

លោក ឯម ច័ន្ទមករា ថា “ដោយមើលឃើញពីការយកចិត្តទុកដាក់ជួយដល់ជនងាយរងគ្រោះអំពើជួញដូរមនុស្ស និងចំណាក់ស្រុក រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានផ្តល់ជំនួយសម្រាប់សាងសង់អាគារបន្ថែមលើទំហំដីសរុប ៩,៧៦៨ម៉ែត្រការ៉េ ដែលបានចំណាយទឹកប្រាក់អស់ប្រមានញ ២,១៩៩,៩២០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្តល់សេវាដូចជា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើង ជាតិសាសន៍ និងពិការភាព”។

ក្នុងឱកាសនៃការទស្សនកិច្ចជាផ្លូវការនៅកម្ពុជានេះ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបចំពិធីស្វាគមន៍ និងពិធីលៀងសាយភោជន៍ជូនដល់នាយករដ្ឋមន្ត្រីថៃនិងគណៈប្រតិភូផងដែរ៕