2024-02-19 05:02
73

កំពង់ស្ពឺ៖ សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចដោះលេងជនត្រូវឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ជាស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ឲ្យមានសេរីភាពឡើងវិញ បន្ទាប់បានឃុំខ្លួនមួយរយៈពាក់ព័ន្ធករណីក្លែងបន្លំឯកសារដើម្បីការប្រពន្ធមួយទៀត ខណៈមិនទាន់លេងលះប្រពន្ធដើមដាច់ស្រាច់។ 

ចំពោះការដោះលេងជនត្រូវចោទខាងលើ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ដោយសង្ស័យមានចំណាយលុយកាក់អស់ជាច្រើនសម្រាប់រត់ការលើរឿងនេះ ប៉ន្តែត្រូវបានតុលាការបដិសេធ និងបានច្រានចោលព័ត៌មាននេះ។ 

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា៖ នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានចោទប្រកាន់ចំណាត់ការរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺថា លោក ឃុត វឌ្ឍនា ហៅ ង៉ាម រី ត្រូវបានចៅក្រមដោះលែងអោយមានសេរីភាពវិញ ហើយ បន្ទាប់ពីចំណាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់រួចមក ។ 

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា៖ ពាក់ព័ន្ធទៅនឹងករណីខាងលើ លោក ឃុត វឌ្ឍនា ហៅ ង៉ាម រី ភេទប្រុស អាយុ ៥២ឆ្នាំ ជាស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងអង្គហេតុនៃបទល្មើស «ទ្វេពន្ធភាព» ដែលជាប្រភេទបទមជ្ឈិម ហើយថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នដែលត្រូវបានអនុញ្ញាតិដោយច្បាប់នៅក្នុង បទល្មើសនេះមានរយៈពេលខ្លី។ 

ហេតុដូចនេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចដោះលែងជនត្រូវចោទ ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ឱ្យស្ថិតនៅក្រៅឃុំដោយឯកឯង តាមដីកាសម្រេចដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំលេខ ២៧៨៨ “ខ” ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងដីកាបង្គាប់ឱ្យដោះលែងលេខ ២៣ “ខ” ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីជៀសវាងការប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ជនត្រូវចោទដែលត្រូវ បានទទួលស្គាល់ដោយច្បាប់ព្រមទាំងដើម្បីបញ្ចៀសផលវិបាកទៅដល់ជនត្រូវចោទ និងក្រុមគ្រួសារដែលបង្កឡើងដោយការឃុំខ្លួនជាបណ្តោះអាសន្ន។ 

អ្នកនាំពាក្យបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន ជនត្រូវចោទឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី កំពុងស្ថិតក្រោមវិធានការណ៍ត្រួតពិនិត្យតាមផ្លូវតុលាការ តាមដីកាសម្រេចដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ ២៧៩៨ “ខ” ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញដោយចៅក្រមស៊ើបសួរ ហើយ ចៅក្រមស៊ើបសួរក៏កំពុងបន្តយកចិត្តទុកដាក់ស៊ើបសួរលើសំណុំរឿងនេះតាមនីតិវិធីច្បាប់។ 

ហេតុដូចនេះ ការផ្សព្វផ្សាយចោទប្រកាន់ករណីដោះលេងជនត្រូវចោទខាងលើ គឺជាការផ្សព្វផ្សាយចោទប្រកាន់មិនពិត។ អ្នកនាំពាក្យ សាលាដំបូងខេត្តកំពង់ស្ពឺ ជម្រាបជូនបណ្តាញសារព័ត៌មាននានាឱ្យបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បើពុំនោះទេសាលាដំបូងខេត្តកំពង់ស្ពឺនឹងចាត់វិធានការណ៍តាមនីតិវិធីច្បាប់៕