2024-03-06 02:03
62

កំពង់ចាម :  អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម  ឯកឧត្តម  អ៊ុន  ចាន់ដា  បានអះអាងថា  មន្ត្រីរាជការក្នុងខេត្ត ទាំងអស់ត្រូវតែចូលរួមធ្វើតេស្ត រកសារធាតុញៀន  ដើម្បីបញ្ជាក់ ពីភាពស្អាតស្អំ និងភាពត្រឹមត្រូវ របស់ខ្លួនក៏ដូចជាបញ្ជាក់ពីការចូលរួមគាំទ្រ ឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យទទួលបាន ជោគជ័យ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងឱកាសបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការនៃសាលាខេត្តនិងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តប្រមាណជិត ២,០០០នាក់ នាព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤ ។ 

ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថារដ្ឋបាលខេត្តបានទទួលឧបករណ៍សម្រាប់ធ្វើ   តេស្តចំនួន ៥,០០០ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជំហានដំបូង គឺត្រូវបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការសាលាខេត្តនិងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ ជំហាន បន្ទាប់ នឹង ឈានទៅដល់ការធ្វើ                តេស្តក្រុមគ្រូបង្រៀន និងក្រុមគ្រូពេទ្យ សរុបទាំងអស់ប្រមាណជា ២ម៉ឺននាក់ផងដែរ  ។ 

បេីតាមលោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម  បានឱ្យដឹងថា  ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ថ្ងៃនេះ រដ្ឋបាលខេត្ត បានរៀបចំធ្វើតេស្តមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ។

លោកបន្តថា មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ចាម រួមមានសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៩៦៧នាក់  ក្នុង នោះ មាន ស្ត្រី  ចំនួន  ៧៣៧នាក់ មកពី ៣៥មន្ទីរអង្គភាព ដែលត្រូវធ្វើតេស្តរកសារធាតុញៀន នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយបែងចែកជា ២វេន ពេលព្រឹក  មានចំនួន ៩៩១នាក់ (ចំនួន ១៥មន្ទីរ)និងពេលល្ងាចមានចំនួន ៩៧៦នាក់ (ចំនួន ២០មន្ទីរ-អង្គភាព) ផងដែរ៕