2023-06-01 12:06
268


ភ្នំពេញ៖     មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ហើយមុនពេលដែលកម្លាំងសមត្ថកិច្ចនគរបាលចាក់អង្រែលើដឹកយកទៅប៉ុស្តិ៍នគរបាល បានដង្ហើរហៅរកប្រពន្ធ និងស្រែកហៅប្រពន្ធទាំងអួលដើមកថា «អូនហា! អើ! ប្រពន្ធប្តីសុំថើបមួយ» ដែលធ្វើឱ្យសមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាទប់មិនបានក៏ផ្ទុះសំណើចគ្រប់ៗគ្នា។


នគរបាលបានឱ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង៣០នាទី ទៀបភ្លឺ កម្លាំងផ្នែកអន្តរាគមន៍ នែអធិការខណ្ឌមានជ័យ បានសហការជាមួយ កំលាំងប៉ុស្តិ៍ចាក់អង្រែលើ ចុះល្បាតត្រួតពិនិត្យតាមបណ្ដោយផ្លូវ ៦០ ម៉ែត ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រទះឃើញជនសង្ស័យឈ្មោះ សុំ ផល្លា កំពុងឈរតាមផ្លូវដោយមានការសង្ស័យបានធ្វើការត្រួតពិនិត្យ ឆែកឆេរកឃើញ មានក្រាម ពណ៌សថ្លា ចំនួន ០៥កញ្ចប់តូច នៅលើដីក្បែរជើងហើយក៏បាននាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើតែម្ដង។
សមត្ថកិច្ចបានឱ្យដឹងថា អ្វីដែលធ្វើឱ្យទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋផ្ទុះសំណើរស្ទើរគ្រប់ៗគ្នា នៅពេលកម្លាំងសមត្ថកិច្ចដាក់ខ្នោះឱ្យឡើងលើម៉ូតូដើម្បីដឹកយកទៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ស្រាប់ជនសង្ស័យរូបនេះ បានយំស្រែករកប្រពន្ធរបស់ខ្លួន ដោយពោលពាក្យទាំងអួលដើមកថា «អូនហា! ខ្ញុំកែខ្លួន កែអីហើយម៉េចបានចាប់ខ្ញុំអញ្ចឹង ប្តីអត់បានខុសអីទេ អូនហារ! អើ! ប្រពន្ធប្តីសុំថើម សុំថើបមួយ សុំថើមប្រពន្ធខ្ញុំមួយសិន ព្រោះខ្ញុំអត់បានធ្វើអីខុសផង ថើបប្តីមួយវិញ និងទៅប្រាប់យាយផង ថាបងទៅប៉ុស្តិ៍ហើយ»

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តតាមនិតិវិធីច្បាប់៕