2024-01-19 08:01
97

កំពង់ស្ពឺ៖ មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហើបប្រាប់ឲ្យដឹងនៅយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះថា លោកឧត្តមសេនីយ៍ ង៉ាម រី ស្នងការរង ជួយដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ រៀបការប្រពន្ធថ្មី។ 

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ទទួលដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងកាតជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនតាមបញ្ជារបស់ថ្នាក់លើពាក់ព័ន្ធលួចការប្រពន្ធថ្មី ដោយក្លែងបន្លំឯកសារសាធារណៈ។ 

តាមប្រភព បានបញ្ជាក់ថា លោកស្នងការរង ង៉ាម រី បានរត់ឯកសារបញ្ជាក់ភាពពោះម៉ាយ និង ស្នើសុំច្បាប់រៀបអាពារពិពាហ៍ដោយដាក់ឈ្មោះ  ឃុត វឌ្ឍនា អាយុ ៥២ឆ្នាំ ទីកន្លែងកំណើត នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្ន នៅផ្ទះលេខ ៣១៦E2 ផ្លូវម៉ៅស៊ីទុង ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

ប្រភពបន្តទៀតថា លោកឧត្តសេនីយ៍ត្រី ង៉ាម រី ត្រូវរៀបអាពារពិពាហ៍ជាមួយនារីម្នាក់ ឈ្មោះ ឃ.ស. មុខរបរ លក់ដូរ មានភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដោយសង់រោងការរួចរាល់ត្រៀមទទួលភ្ញៀវចូលរួមអបអរសាទរ និងរងចាំរាត្រីក្រេបទឹកឃ្មុំប៉ុណ្ណោះ ប៉ុន្តែសភាពការត្រូវបានផ្លាស់ប្តូរ ៣៦០ដឺគ្រេ ព្រោះបែកការដល់ប្រពន្ធដើមដែលមិនទាន់លេងលះដាច់ស្រឡះ រហូតដល់មានការឃាត់ខ្លួនតែម្តង។ 

ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវប្រឈមមុខនឹងច្បាប់ស្តីពី ឯកពន្ធភាពបទល្មើស «ផិតប្តី-ផិតប្រពន្ធ» បទល្មើស «ស្មន់» បទល្មើស «ទ្វេពន្ធភាព» និងទោសត្រូវអនុវត្ដក្នុងច្បាប់ស្តីពី ឯកពន្ធភាព និង ករណីក្លែងបន្លំឯកសារសាធារណៈក៏ត្រូវផ្តន្ទាទោសតាមច្បាប់ផងដែរ៕