2024-01-12 03:01
85

ខេត្តបន្ទាយមានជ័យ៖     គ្រោះថ្នាក់ចរាចរណ៍០២ករណី ដោយឡែកពីគ្នាក្នុងយប់ថ្ងៃតែមួយនៅស្រុកស្វាយចេកនិងស្រុកភ្នំស្រុកធ្វើឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកនៅស្រុកមង្គលបូរី ។

នគរបាលស្រុកភ្នំស្រុកបានប្រាប់ថាៈនៅវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយខ្លួនឯង ស្ថិតនៅចំណុចខាងកើត លូប្រអប់ផ្លូវកែងខាងក្រោយអនុវិទ្យាល័យស្ពានមេត្រីចម្ងាយប្រហែល៥០ម៉ែតស្ថិតក្នុងភូមិរោគ ឃុំ ស្ពានស្រែង ស្រុកភ្នំស្រុក ។

នគរបាលបានបញ្ជាក់ថាៈដំបូងមានម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីមស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1L-២៥៤០ បើកបរដោយឈ្មោះ ហឿល ប៊ុនយ៉ុង ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិ កណ្តោល ឃុំ ស្ពានស្រែង ស្រុកភ្នំស្រុក បើកបរក្នុងល្បឿនលឿនពីលិចទៅកើតមកដល់ចំណុចសំណង់ទ្វារទឹកភូមិរោគបានបត់ស្ដាំតាមបណ្ដោយផ្លូវ ពីភូមិរោគទៅភូមិកណ្ដោល  ខាងក្រោយអនុវិទ្យាស្ពានមេត្រីប្រហែលចម្ងាយ៥០ម៉ែត្របានជាន់ហ្រ្វាំងក្រោយនិងចាប់ហ្រ្វាំងមុខបណ្ដាលអោយត្រឡប់ម៉ូតូបោកក្បាលនឹងផ្លូវថ្នល់បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ដោយឡែកមួយករណីទៀតនៅស្រុកស្វាយចេក នៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបុកម៉ូតូឆ្លងផ្លូវ លើផ្លូវជាតិលេខ៥៦A.ត្រង់ចំណុចមុខសាលាអនុវិទ្យាល័យកកោះ.ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក។

នគរបាលស្រុកស្វាយចេកបានឲ្យដឹងថាៈដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ. បជ 1A.4092បើកបរដោយឈ្មោះ ម៉ាត់ បេង.ភេទប្រុស.អាយុ៥២ឆ្នាំរស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក  ទិសដៅឆ្លងផ្លូវពី  លិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្ត០១ គ្រឿងម៉ាកកាមារីកាត់គូដ ស៊េរីឆ្នាំ១៩៩៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ.2F 8259 បើកបរក្នុងទិសដៅពីត្បូងទៅជើងបានបុក រួចបើកបររត់ចេញពីកន្លែងកើតហេតុ ក្រោយមកកម្លាំងស្រាវជ្រាវក៏ឃើញរថយន្តនេះមកឈប់ចតចោលនៅចំណុចភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក(អ្នកបើកបររត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ) ។

នគរបាលបានបញ្ជាក់ថាៈក្នុងករណីនេះបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ស្មងជើងខាងស្តាំ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកមង្គលបូរី ។ មូលហេតុបណ្តាលអោយគ្រោះថ្នាក់ អ្នកបើកបរម៉ូតូឆ្លងកាត់ផ្លូវពីលិចទៅកើតខ្វះការប្រុងប្រយ័ត្ននិងរថយន្តបើកបរល្បឿនលឿនក្នុងទីប្រជុំជនខ្វះការប្រុងប្រយ័ត្ន  ។
ក្រោយកើតហេតុទាំងម៉ូតូនិងរថយន្តបានយកទៅរក្សាទុកនៅកន្លែងអធិការរដ្ខាននគរបាលស្រុកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕