2023-12-22 04:12
116

ព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានប្រកាសជំហរច្បាស់លាស់ថា «បើរកឃើញនគរបាលក្នុងខេត្តរូបណាប៉ះពាល់លុយកាក់ជាថ្នូរលើកលែងទោសនគរបាលប្រើប្រាស់គ្រឿងញៀនទាំង១២នាក់នេះ នោះស្នងការខេត្តនឹងលាឈប់»។ 

ការប្រកាសបែបនេះ ធ្វើឡើងនៅព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះដែរ នៅក្នុងទំព័រហ្វសប៊ុកផ្លូវការរបស់លោកផ្ទាល់តែម្តង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសរសេរថា «នគរបាលខេត្តព្រៃវែង រកឃើញអ្នកប្រើប្រាស់គ្រឿងញៀន ១២នាក់ មិនមែន ១១នាក់នោះទេ អ្នកទាំង១២នាក់នោះ គឺអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត»។ 

លោក ឈឿន ប៊ុនឆន បានបញ្ជាក់ និងតាំងជំហរយ៉ាងច្បាស់ថា «បើរកឃើញនគរបាលក្នុងខេត្តរូបណាប៉ះពាល់លុយកាក់ជាថ្នូរលើកលែងទោសនគរបាលប្រើប្រាស់គ្រឿងញៀនទាំង ១២នាក់នេះ នោះស្នងការខេត្តនឹងលាឈប់»។ លោកស្នងការបានបន្ថែមថា «ពួកយើងបានបំពញភារកិច្ចអស់ពីសមត្ថភាព តម្លាភាព និងយុត្តិធម៌រួចរាល់ហើយ។ ប្រជាជន និងនគរបាលគឺស្មើភាព»។

 សូមជម្រាបថា ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្ត អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ដ្រីនគរបាលទូទាំងខេត្តព្រៃវែង។

ជាលទ្ធផល គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារបានស្វែងរកឃើញមានមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ១១នាក់ ។ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្ពុជា ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនមន្ត្រីនគរបាលទាំង ១១នាក់នោះទៅកាន់ មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ដោយឡែកចំពោះរូបភាពអនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្តនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតតាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ៕