2024-04-08 05:04
28

ភ្នំពេញ៖ ក្រុមចោរស្ទើភ្លើងធ្វើសកម្មភាពចេញឆក់ ដើម្បីយកលុយចូលឆ្នាំមិនបានសម្រេច ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌបង្ក្រាប់ និងឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាព។
នគរបាលបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២និង២០នាទី កន្លងទៅ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ ចុះល្បាតតាមបណ្តោយផ្លូវលេខ ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូ ចំនួន ០២គ្រឿង មានគ្នាចំនួន ០៤នាក់ បានធ្វេីសកម្មភាពឆក់ទូរសព្ទដៃពីបុរសរងគ្រោះជាជនជាតិអង់គ្លេសដែលកំពុងជិះកង់បីឥណ្ឌាតែមិនបានសម្រេច។

ភ្លាមៗនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង ០៤នាក់ នៅចំណុចស្តុប ចូលបឹងកក់ ផ្លូវលេខ ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យទាំង ០៤នាក់ រួមមាន៖។១៖ ឈ្មោះ ទី ឃាងហុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំ ផ្លូវជាតិ6អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (អ្នកបេីក), ២៖ ឈ្មោះ មុំ ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាដក ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលេខ ៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ជនដៃដល់), ៣៖ ឈ្មោះ មុំ សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ទីកន្លែងស្នាក់នៅផ្ទះលេខ១៦១ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (បិទគូទ) និង ៤៖ ឈ្មោះ ឌីណូ មុនិណុល ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ទីកន្លែងស្នាក់នៅផ្ទះ ៩២អា ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (បិទគូទ)។

ចំពោះសម្ភារដកហូតមាន ម៉ូតូ ម៉ាកស៊ុយស៊ូគី និច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IZ-3234 របស់ជនសង្ស័យ និងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KM-0661 របស់ជនសង្ស័យ។

បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕