2024-05-01 02:05
37

កែបនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤នេះអាជ្ញាធរតាងនាមក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលខេត្តកែបនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋដែលជាអ្នកប្រជានេសាទ រស់នៅក្នុងភូមិសាស្ត្រឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានបង្ហាញក្តីសប្បាយរីករាយ គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយពួកគាត់រំពឹងថា គម្រោងនេះនឹងជួយធ្វើឲ្យជីវភាពរស់នៅកាន់តែល្អប្រសើរ តាមរយៈការផ្តល់ឱការងារ និងការបង្កើតមុខរបរបន្ថែម ហើយកូនចៅរបស់ពួកគេនឹងមានអនាគតល្អទៅថ្ងៃក្រោយ បន្ទាប់ពីគម្រោងនេះសម្រេចជាលទ្ធផល។

ជាមួយគ្នានោះ ពួកគាត់ ក៏បានបង្ហាញក្តីសប្បាយរីករាយ ពេញចិត្តយ៉ាងខ្លាំង និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមស្ថាបនាព្រែកជីកហ្វូណនតេជោ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលនឹងផ្តល់ផលប្រយោជន៍ជាតិយ៉ាងធំធេង ហើយពួកគាត់ដែលរស់នៅតាមតំបន់នៃគម្រោងព្រែកជីកនេះ ក៏រំពឹងទទួលបានប្រយោជន៍ច្រើនផងដែរ ជាពិសេសនឹងប្រែក្លាយតំបន់នេះទៅជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកនាពេលអនាគត។

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានប្រាប់ឲ្យដឹងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងស្ថាបនាកាត់តាមភូមិមួយចំនួន នៅក្នុងស្រុកដំណាក់ចង្អើរខេត្តកែប។

គម្រោងនេះនឹងផ្តល់ផលប្រយោជន៍មហាសាល ដល់ពលរដ្ឋ និងជួយជំរុញដល់ប្រព័ន្ធសេដ្ឋកិច្ចជាតិ តាមរយៈការដោះដូរ និងដឹកជញ្ជូនទំនិញនាំចេញ នាំចូលជាដើម។
ដោយឡែកខេត្តកែប ក៏ដូចជាស្រុកដំណាក់ចង្អើរ ព្រែកជីកហ្វូណនតេជោ នឹងជួយឲ្យតំបន់ប៉ូលទេសចរណ៍តំបន់អង្កោល កាន់តែមានភាពទាក់ទាញបន្លែមទៀត ខណ:ដែលបច្ចុប្បន្នផ្លូវកៅស៊ូប្របមាត់សមុទ្របានតភ្ជាប់តំបន់ទេសចរណ៍ខេត្តមកកាន់តំបន់ឆ្នេរអង្កោល ធ្វើឲ្យទេសចរងាយស្រួលធ្វើដំណើរ និងមកកម្សាន្តច្រើនជាងមុន។

សូមបញ្ជាក់ថាអាជ្ញាធរនិងប្រជាពលរដ្ឋទូទាំងខេត្តកែបបានបង្ហាញសប្បាយរីករាយ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។

គម្រោងនេះគ្រោងចាយទុនប្រមាណ ១.៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។
តាមការគ្រោងទុកគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹងចាប់ផ្តើមបើកការរដ្ឋានសាងសង់នាពេលខាងមុខនេះហើយ។(សឹង រ៉ាត់)