2024-05-15 03:05
200

ខេត្តកំពត ៈ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអធម៌ បង្កឲ្យមានការភ្ញាក់          ផ្អើលឡើងកាល ពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៤ស្ថិតនៅចំណុចអាងទឹកជប៉ុន ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ 

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ខែ ថារ៉ាយុ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ។ ប្រភពបន្ថែមថាមុនពេលកើតហេតុជនរងគ្រោះរួមនិងមិត្តភ័ក្តិ២នាក់ផ្សេងទៀតបាននាំគ្នាទៅមុជទឹកលេងនៅចំណុចអាងទឹកជប៉ុន ខណៈនោះសង្ស័យជនរងគ្រោះអស់កម្លាំង ពេលលោតចុះទៅក្នុងទឹកក៏ស្រាប់តែលិចបាត់មិនឃើញងើបឡើង ហើយមិត្តភ័ក្តិដែលទៅជាមួយពីរនាក់ទៀតក៏បានភ័យស្លន់ស្លោរស្រែកឲ្យគេឯងជួយផងដែរ ប៉ុន្តែយ៉ាងណានោះមិនអាចជួយសង្គ្រោះបាននោះទេខណៈប្រជាពលរដ្ឋរាវរកសពឃើញជនរងគ្រោះក៏បានស្លាប់បាត់ទៅហើយ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សពជូនសាច់ញាតិក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។