2024-06-05 02:06
122

តាកែវ៖ បុរសចិត្តខ្លាំងម្នាក់ បានធ្វើសម្មភាពយកកាំបិតប័ងតោ និងដែកឆាបកាប់លើប្រពន្ធ និងចាក់បងថ្លៃបណ្តាលឱ្យរងរបួស ព្រោះតែខឹងនឹងប្រពន្ធមិនដេកផ្ទះបែរជាទៅជាដេកជាមួយបងស្រីនោះ ត្រូវបានតុលាការខេត្តតាកែវសម្តេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត។

ជនសង្ស័យដែលកាប់ប្រពន្ធ និងចាក់បងថ្លៃស្រីបណ្តាលឱ្យរបួស មានឈ្មោះ ភន ភាន់ ហៅពៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ស្ថិតនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់លើប្រពន្ធឈ្មោះ នាង ផល្លា អាយុ ៣៦ឆ្នាំ ចំនួន ០២កាំបិតប៉័ងតោរបួសធ្ងន់ និងយកដែកឆាបចាក់លើបងថ្លៃស្រីរបួសស្រាល។ ករណីខាងលើកើតហេតុកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២៣និង៣០នាទីរំលងធ្រាត្រ ស្ថិតនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។ 

សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃកើតហេតុទី០១ មិថនា កន្លងទៅជនសង្ស័យឈ្មោះ ភន ភាន់ មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធដោយប្រពន្ធមិនដេកនៅផ្ទះជាមួយទេ គឺបានទៅដេកនៅផ្ទះបងស្រីរស់នៅភូមិ ឃុំជាមួយគ្នា លុះយប់ឡើងជនសង្ស័យមានកំហឹងបានយកកាំបិតប៉័ងតោទៅកាប់ប្រពន្ធ និងចាក់បងថ្លៃស្រីបង្កការភ្ញាក់ផ្អើលពេញភូមិទាំងកណ្តាលយប់តែម្តង។ 

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកមកសាកសួង និងកសាងសំណុំរឿងតាមនិតិវិធី និងបានបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ និងបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ៕