2024-08-22 04:08
85

ភ្នំពេញ៖   លោក ធាតុ ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ និងលោក ទុង រតនា ព្រះរាជអាជ្ញារង កាលពីល្ងាចថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាតិចិនតៃវ៉ាន់៣នាក់១- ឈ្មោះ យ៉ាង សាវជិន (YANG SAO CHUN) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៨៧។

២- ឈ្មោះ ជ័ង ប៉ជៀន (CHUANG PO CHIEN)ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៣។
៣- ឈ្មោះ អ៊ូ ជីនតឺ (WU CHUN TE) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៤។ ដាក់ពន្ធនាគារម្នាក់ៗ២០ឆ្នាំ ពិន័យជាប្រាក់ម្នាក់ៗ៣០លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាង២គីឡូក្រាម។

ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:១៥នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ក្រោមការដឹកនាំនិងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀនដោយខុសច្បាប់គ្នា នៅចំណុច បណ្តោយផ្លូវលេខK5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕