2024-07-06 08:07
161

ភ្នំពេញ៖ មន្ត្រីនគរបាលជាតិម្នាក់ ថា្នក់ឧត្តមសេនីយ៍ឯក ត្រូវបានគេស្គាល់ថា បម្រើការងារនៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញពីកម្មវិធីជួបជុំអាហារសាមគីជាមួយក្រុមការងារសង្ស័យស្រវឹងធ្លាក់ភ្នែកបានបើករថយន្ត  LAND CRUISER បុកម៉ូតូ ០១គ្រឿង ខណៈពេលឈប់រងចាំភ្លើងស្តុប បណ្តាលឱ្យជនរងគ្រោះរងរបួសស្រាល និងបានបើករថយន្តថយក្រោយកិនម៉ូតូបន្ថែមទៀតបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីលោកផ្កាយបី បើករថយន្តបុកម៉ូតឈប់រងចាំភ្លើងស្តុបបង្កការភ្ញាក់ផ្អើលខាងលើ បានកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មន្ត្រីនគរបាលជាតិពាក់ផ្កាយបី ដែលបើករថយន្ដបុកម៉ូតូ មានឋានន្តរស័ក្តិថ្នាក់ «ឧត្តមសេនីយ៍ឯក» បើកររថយន្ត ០១គ្រឿង ម៉ាក LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2BF-1073 បានបើកបុកម៉ូតូ ០១គ្រឿង HONDA C125 ពាក់ស្លាកលេខ ភ្នំពេញ 1GU-0784 រួចកិនបណ្ដាលឲ្យរងការខូចខាត និងម្ចាស់ម៉ូតូរបួស ខណ:ជនរងគ្រោះឈប់រង់ចាំភ្លើងស្តុប។

តាមប្រភពព័ត៌មាន បានបញ្ជាក់ថា៖ «ក្រោយពេលកើតហេតុភាគីម្ចាស់រថយន្ដ LAND CRUISER បានធ្វើការសម្រុះសម្រួលបញ្ចប់រឿងដោយសុខចិត្តសងសំណងការខួចខាត និងព្យាបាយរបួសទៅភាគីម៉ូតូ ដើម្បីបញ្ចប់រឿងហេតុនៅកន្លែងតែម្តង»។

តាមសាក្សីបាននិយាយថា មុខពេលកើតហេតុ ពួកគាត់បានឃើញរថយន្ត LAND CRUISER ០១គ្រឿង បានបើកបរក្នុងស្ថានភាពស្រវឹងបានជ្រុលបុកម៉ូតូពីក្រោយ ខណៈពេលកំពុងឈប់រងចាំភ្លើងស្តុបអូសជាច្រើនម៉ែត្រ ទើបឈប់។ បន្ទាប់មកឃើញបុរសម្នាក់ ចុះពីក្នុងរងយន្តពិនិត្យមើលបន្តិចក៏ឡើងរថយន្តបើកថយក្រោយកិនម៉ូតូបន្ថែមកាន់បង្កឱ្យមានការខួចខាត់ធ្ងន់ធ្ងរ ប៉ុន្តែសំណាងអ្នកបើកបរម៉ូតូគេចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ មានពិធីជួបជុំពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការផឹកស៊ី ច្រៀង រាំកម្សាន្តសប្បាយ ប៉ុន្តែសង្ស័យលោកផ្កាយបីប្រហែលជាដាក់ជ្រុលធ្លាក់ភ្នែកចេញពីកម្មវិធីវិញ បើកបរខ្វះការប្រុងប្រយ័ត្នបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍តែម្តង៕