2024-05-17 06:05
113

ភ្នំពេញ៖ ស្រីស្អាតជាបុគ្គលិកអគ្គិសនីកម្ពុជា ផ្នែកគណនេយ្យម្នាក់ ត្រូវបានលោ ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស (ម២) ពីបទ៖ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។ 
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៩០២ អ.យ.ឃ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដែលបានបើកការស៊ើបសួរលើជនត្រូវចោទឈ្មោះ ទីង ធីតា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក អគ្គីសនីកម្ពុជាផ្នែកគណនេយ្យ ទីកន្លែងកំណើតនៅភូមិចក ឃុំរកាក្នុង ស្រុកដូនកែវ ខេត្តតាកែវ ទីលំនៅមុនពេល ឃាត់ខ្លួនស្នាក់នៅផ្ទះលេខ ១៣បេ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនត្រូវចោទត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅចំណុចក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បទល្មើសដែលបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ២៣១ នៃច្បាប់ ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ 
ជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ 3209 “ន” ដពស ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដោយបង្គាប់៖ 
១- ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ទឹង ធីតា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ទៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តឲ្យត្រឹមត្រូវតាមច្បាប់។ 
២- ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី២ (ម២) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ និងឱ្យគ្រប់ភ្នាក់ងារកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់៕