2024-06-24 03:06
126

(ព្រៃវែង)៖  ក្នុងរយៈពេលជាងមួយខែ មកនេះ មានសត្វឆ្កែចំនួន១១ក្បាល បានងាប់ក្នុងស្ថានភាពអស់គ្រឿងក្នុង ក្នុងនោះប្រជាពលរដ្ឋសង្ស័យថាសត្វឆ្កែទាំងនេះងាប់ដោយសារសត្វខ្លាខាំសីុធ្វើជាចំនី  ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើនៅក្នុង ភូមិព្រៃគូរ ឃុំសំបូរ ស្រុរមាសហែក ខេត្តស្វាយរៀង និងភូមិ រំដួល ភូមិ វាល ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។   

បើយោងតាមរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាលឃុំស្មោងខាងត្បូង ស្រុកកំចាយមារ បានបានឲ្យដឹងថា កាលពីថ្ងៃទី២០-និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ មានព័ត៌មានពីប្រជាពលរដ្ឋភូមិ ព្រៃគូរ ឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀងថា ថាមានករណីសត្វម្យ៉ាងខាំឆ្កែងាប់ចំនួន ២ ក្បាលដោយមិនដឹងពីមូលហេតុ។ លុះចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិរំដួល និងភូមិ វាល ក្នុងឃុំ ស្ទោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រជាពលរដ្ឋក៏បានប្រទះឃើញសត្វឆ្កែរបស់អ្នភូមិងាប់ជាបន្តបន្ទាប់ អស់ចំនួន ៩ ក្បាល ក្នុងស្ថានភាពសាកសពសត្វឆ្កែទាំងនោះមានស្នាមរបួសនៅលើបំពង់ក និងពោះហើយសត្វឆ្កែខ្លះបាត់អស់គ្រឿងក្នុងដូចជាពោះវៀន ថ្លើម សួត ថែមទៀតផង ។

របាយការណ៍ដដែលនេះបានបន្តថាបន្ទាប់ពីបានទទួលព័ត៌មាននេះ លោកមេភូមិ រំដួល ក៍បានរាយការណ៍ មកប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទោងខាងត្បូង ពេលនោះកម្លាំងប៉ុស្តិ៍ក៍បានចុះទៅពិនិត្យ និង ស្រាវជ្រាវ បានជួបនិងប្រជាពលរដ្ឋម្នាក់ រស់នៅភូមិ រំដួល ឃុំ ស្ទោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង គាត់បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១ រំលងអាធ្រាត្រគាត់បានបញ្ចាំងភ្លើងគោមទៅខាងកើតផ្ទះក៏ស្រាប់តែឃើញសត្វចំនួន ២ ក្បាល ដូចជាសត្វខ្លាឃ្មុំ ដែលមានសម្បុរខ្មៅ បោលឈប់ៗ សំដៅទៅទិសខាងកើតបាត់ទៅ។

រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក៏មានប្រជាពលរដ្ឋរាយការណ៍មកថា នៅវេលាម៉ោងប្រហែល ១២ យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មានស្នាមជើងសត្វ ខ្លា ដើរចូលក្នុងភូមិទួលក្រឡាញ់ ឃុំស្មោងខាងជើង ស្រុក កំចាយមារ ខេត្តព្រៃវែង ពេលនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទោងខាងត្បូង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ស្ទោងខាងជើង ចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុក៍ឃើញមានដានជើងស្រដៀងនិងជើងសត្វខ្លា ដើរចូលក្នុង ភូមិទួលក្រឡាញ់ពិតប្រាកដមែន។

ពាក់ព័ន្ធទៅនិងករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថា សង្ស័យជាសត្វខ្លា ដែលរស់នៅក្នុងព្រៃក្រញូង និងព្រៃកាស្យា ស្ថិតនៅភូមិ ក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ក្បែរព្រំប្រទល់ស្រុកកំចាយមារ ។

តាមការផ្តល់ព័ត៌មានពី លោកនាយប៉ុស្តិ៍រដ្ឋបាលក្រសាំង ថាកន្លងទៅគាត់ធ្លាប់បានជួបផ្ទាល់ សត្វខ្លា១ក្បាលក្នុងពេលដើរល្បាតពេលយប់នៅ ចំណុចព្រៃដើមក្រញូង និងព្រៃកាស្យា នៅក្នុងអំឡុងដើមឆ្នាំ២០២៣ ជាមួយគ្នានោះក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានប្រទះឃើញសត្វខ្លានេះដែរ នៅចំណុចខាងលើនេះគឺឃើញមានចំនួន២ក្បាលដែរ ។