2024-07-12 12:07
150

ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅ រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នាសាលប្រជុំអគារDសាលាខេត្តរតនគិរី ថា៖គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។

ឯកឧត្តម រដ្ឋលេខាធិការបានបន្តថា ការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តខាងនយោបាយដ៏មោះមុត របស់រាជរដ្ឋាភិបាលសម្រាប់ រយៈពេលពីមធ្យមទៅរយៈពេលវែង និងជាផែនទីបង្ហាញផ្លូវក្នុងការបំផុសចលនាឱ្យមានការចូលរួមក្នុងការប្រយុទ្ធ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពដែលបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ ជាពិសេសការជួញដូរប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស អំពើលួចឆក់ប្លន់ ព្រមទាំងបទល្មើសផ្សេងៗទៀត នៅក្នុងសង្គម។ ជាមួយគ្នានេះ ការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក៏ធ្វើ ឡើងក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលជាពិសេសកំណែទម្រង់វិមជ្ឈការនិងវិសហ មជ្ឈការ តាមរយៈការលើកកម្ពស់ការផ្តល់សេវាសា ធារណៈជូនប្រជាពលរដ្ឋ ដើម្បីបង្កភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន សំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមាន ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

ក្នុងឱកាសនេះ ឯកឧត្តម ប៉ាវ ហមផានក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់នៅក្នុងខេត្តរតនគិរី ដែលបានចូលរួមសហការគ្នាបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីផ្សព្វផ្សាយនូវការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យកាន់តែទូលំទូលាយ មានប្រសិទ្ធភាព ស្របតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការពារមាតុភូមិកម្ពុជា៕