2024-06-20 04:06
178

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ឱ្យមហាជន និងអ្នកគាំទ្រវិស័យកីឡាគុនខ្មែរ កុំឱ្យមានការយល់ច្រឡុះជុំវិញករណី មានមតិរិះមួយចំនួន ដែលលើកឡើងអំពីការតម្លើងប្រាក់ឧប្ថម្ភដល់មន្ត្រីអាជ្ញាកណ្តាល ចៅក្រម និងគណៈកម្មការរៀបចំការប្រកួតប្រដាល់គុនខ្មែរ ពី១៥ដុល្លារ ក្នុងមួយកម្មវិធី ទៅ២៥ដុល្លារ ក្នុងមួយកម្មវិធី ប៉ុន្តែបែរត្រូវកាត់បន្ថយកម្មវិធី ពី៥ទៅ៦ដង ក្នុងមួយសប្តាហ៍មកត្រឹមតែ ៣កម្មកម្មវិធីក្នុងមួយសប្តាហ៍ទៅវិញ ដោយលោកបានបញ្ជាក់ច្បាស់លាស់ថា៖ «មិនមែនកាត់កម្មវិធីទេ នេះជាយន្តការនៃការរៀបចំ ឱ្យុមានតម្លាភាព នៃបរិមាណការងាររបស់ មន្ត្រីអាជ្ញាកណ្តាល ចៅក្រមទាំងអស់គ្រប់ស្ថានីយ»។

ប្រធានសហព័ន្ធកីឡាគុនខ្មែរ បានបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១៤នេះ បន្ទាប់ពីមានមតិទស្សនិកជន និងមហាជនអ្នកតែងតែគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរបង្ហោះសាររិះគន់មកលើសហព័ន្ធនៅលើបណ្តាញសង្គមនានា។ 

ប្រធានសហព័ន្ធរូបនេះ បានបបន្ថែមទៀតថា៖ «កាលពីមុនមានមន្ត្រីនៅស្ថានីយខ្លះទទួលបានតែ១ ឬ២ កម្មវិធីក្នុងមួយសប្តាហ៍ មន្ត្រីស្ថានីយខ្លះទទួលបាន ៥ទៅ៦ កម្មវិធីក្នុងមួយសប្តាហ៍ ធ្វើឱ្យមានការច្រណែន និងការទិទានអំពីការបែងចែកបក្សពួក។ ឥឡូវយើងរៀបចំឱ្យមានតម្លាភាព និងតុល្យភាពការងារ គឺមន្ត្រីទាំងអស់ទទួលបានចំនួនកម្មវិធីស្មើៗគ្នា មួយសប្តាហ៍មាន ១៥កម្មវិធីចែកនឹង៥ក្រុម មួយក្រុមទទួលបាន៣កម្មវិធីស្មើគ្នា។ ទន្ទឹមនឹងនោះសហព័ន្ធក៏បានបន្ថែមថវិកាឧបត្ថម្ភដល់មន្ត្រីតាមជំនាញ និងវិជ្ជាជីវ:រៀងៗខ្លួន ដោយមន្ត្រីអាជ្ញាកណ្តាលចៅក្រមទទួលបានយ៉ាងតិច ១០ម៉ឺនរៀល ក្នុងមួយកម្មវិធី នេះជាការដំឡើងដំណាក់កាលទី១»។

លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ បានបញ្ជាក់ថា៖ «ចំណែកថវិកាឧបត្ថម្ភទាំងអស់នេះ គឺសហព័ន្ធស្នើសុំពីខាងស្ថានីយបើទោះជាសហព័ន្ធបានប្រកាសសម្រេចដំឡើងថវិកាជូនមន្ត្រីរហូតដល់ ១០ម៉ឺនរៀល ក្នុងមួយកម្មវិធីរួចហើយក្តី ក៏ប៉ុន្តែមកដល់ពេលនេះស្ថានីយមួយចំនួនមិនទាន់យល់ព្រមតាមសំណើរសុំបន្ថែមថវិការបស់ សហព័ន្ធចំពោះមន្ត្រីនៅឡើយទេ ព្រមទាំងគំរាមបិទកម្មវិធីចោលថែមទៀតផង។ “ធ្វើមិនស្រួលដូចនិយាយទេ” លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជាក់យ៉ាងដូច្នេះ។

លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍មួយថា៖ «រយ:ពេល២ខែនិង២០ថ្ងៃក្នុងតួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកបានធ្វើការងារយ៉ាងច្រើនដែលមិនទាមទារ ឱ្យបងប្អូនអ្នកគាំទ្រដឹង និងយល់ពីកិច្ចការរបស់លោកទេ។ លោកគ្រាន់តែសង្ឃឹមថា ការល:បង់របស់ខ្លួនអាចចូលរួមចំណែកជាមួយបងប្អូនអ្នកគាំទ្រគុនខ្មែរទាំងអស់ ក្នុងការដឹកនាំកីឡាក្បាច់គុនបុរាណ ដែលជាអត្ត្តសញ្ញាណជាតិខ្មែរយើងឱ្យរីកចំរើនល្បីល្បាញ មិនចាញ់ប្រទេសដ៏ទៃឡើយ»៕