2024-05-21 05:05
206

ភ្នំពេញ៖ លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍ និងសហការ នាឱកាសអនុញ្ញាតឱ្យជួបសម្តេងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា លោកស្រីបានសម្តែការកោតសរសើរដល់កម្ពុជា ថា «ភាពជោគជ័យរបស់កម្ពុជា នៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)  និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀនពិសោធដ៏ល្អសម្រាប់ប្រជាជាតិ​នៅលើពិភពលោក»

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

ក្នុងឱកាសនៃជំនួប លោកស្រី Alice Wairimu Nderitu បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចធិបតី​ ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ 

លោកស្រីលេខាធិការរងអង្គការសហប្រជាជាតិ បានគោរពជម្រាបជូន សម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពីបទពិសោធ និងបេសកកម្មការងាររបស់លោកស្រី នាពេលកន្លងមកក្នុងការទប់ស្កាត់ និងបង្ការអំពើប្រល័យពូជសាសន៍ នៅតាមបណ្ដាប្រទេស ដូចជា បូស្ន៊ី ហេហ្សេហ្គូវីន (Bosnia and Herzegovina) និងរ៉វាន់ដា (Rwanda) ហើយគោលបំណងនៃបេសកកម្មសំខាន់មួយរបស់លោកស្រីនៅកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងសន្និសីទ ស្តីពី អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ៖ ការការពារ និង ការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព។ 

លោកស្រីអគ្គលេខាធិការរង ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ រវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងអង្គការសហប្រជាជាតិ និងការបញ្ជ្រាបការយល់ដឹង ការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដល់យុវជន សិស្ស និងនិស្សិត តាមរយៈការបណ្ដុះបណ្ដាលតាមសាលារៀន​ ទាំងសាលារដ្ឋ និង ឯកជន ចាប់ពីកម្រិតចំណេះទូទៅ ដល់កម្រិតសាកលវិទ្យាល័យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

 លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង វាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការរៀបចំដំណើរការ នៃ អ.វ.ត.ក. ហើយលោកស្រីបានគោរពបញ្ជាក់ថា​​​ «មេរៀន​ និងបទពិសោធរបស់កម្ពុជា គួរតែត្រូវបានចែករំលែកជាមួយបណ្ដាប្រទេសជុំវិញពិភពលោក និងការបន្តកិច្ចសហប្រតិបត្តិការ រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តគម្រោងស្វ័យអភិវឌ្ឍនានា (Home Grown Project)»។ 

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកស្រី អគ្គលេខាធិការរង និងអរគុណចំពោះចំណាប់អារម្មណ៍របស់លោកស្រីអំពីជោគជ័យរបស់កម្ពុជា ពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីអំពើប្រល័យពូជសាសន៍។ សម្ដេចធិបតីបានគូសបញ្ជាក់ថា «ការអប់រំដល់មនុស្សជំនាន់ក្រោយ គឺពិតជាមានសារសំខាន់ ហើយការណ៍នេះ មិនត្រឹមតែជាការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដែលបង្កឡើងដោយរបបខ្មៅងងឹតខ្មែក្រហមទេ ថែមទាំងជាការរួមចំណែកទប់ស្កាត់ និងបង្ការការវិលត្រលប់មកវិញ នៃអំពើដ៏សាហាវយង់ឃ្នង់ មិនអាចពរណ៌នាបានក្នុងសង្គមកម្ពុជា»

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រូ បានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលនឹងបង្កើតវិទ្យាស្ថានមួយ ដើម្បីចងក្រង គ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវ ចែករំលែកការយល់ដឹង និងផ្ដល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីជាការស្វែងយល់បន្ថែមអំពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាជោគជ័យ និងដំណើរការនៃ​ អ.វ.ត.ក.»

ជាទីបញ្ចប់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ចំពោះកិច្ចសហប្រតិបត្តិការលើគម្រោងស្វ័យអភិវឌ្ឍ (Home Grown Project) សម្ដេចបានជំរុញនិងលើកទឹកចិត្តឱ្យតំណាងអង្គការសហប្រជាជាតិ បន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ដើម្បីបន្តអនុវត្តទិសដៅការងាររបស់ខ្លួន ឈានទៅសម្រេចជោគជ័យនៃការអនុវត្តគម្រោងនេះ»