2024-05-02 12:05
48

(បាត់ដំបង)ៈយ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗខណៈម្នាក់ទៀតបានរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុក្រឡាប់រថយន្តមួយគ្រឿងបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឌីមិច(Dmex) ពណ៌ទឹកប្រាក់ ចង្កូតស្ដាំ ពាក់ផ្លាកលេខ BB 1-0372 បើកបរដោយឈ្មោះ ជុំ វិញ ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិពង្រ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប និងអ្នករួមដំណើរជាមួយម្នាក់ទៀតឈ្មោះ រីន ភេទប្រុស បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ។លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃធ្លាក់ចិញ្ចើមផ្លូវក្រឡាប់ចូលប្រឡាយបណ្តាលឲ្យអ្នកបើកបរស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអធម៌ ចំណែកអ្នករួមដំណើរជាមួយរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកបានចុះទៅត្រួតពិនិត្យនិងជួយអន្តរាគមន៍ដឹកបញ្ជួនអ្នករងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកសពប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តសមត្ថកិច្ចធ្វើការវាស់វែងរួចបានស្ទួចយកទៅរក្សាទុករង់ចាំជាបណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។