2024-05-07 03:05
67

ភ្នំពេញ៖ ប្តី-ប្រពន្ធពីរ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងឆបោកទឹកប្រាក់ប្រមាណ ៤ម៉ឺនដុល្លារអាមេរិក ត្រៀមបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅតុលាការ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នេះ។
ការឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តី-ប្រពន្ធខាងលើ ដោយទទួលបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៅពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យចំនួន ០២នាក់ ប្តី-ប្រពន្ធ នៅចំណុច មុខផ្ទះលេខ ២៥៦ ផ្លូវលេខ១៥ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ០២នាក់ ប្តី-ប្រពន្ធ មានឈ្មោះ ជា សំអាត ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ១១៨០ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម (ប្តី) និងប្រពន្ធមានឈ្មោះ កែវ ស៊ីវលី អាយុ ៣១ឆ្នាំ ស្នាក់នៅជាមួយគ្នា។

ការចាប់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេ ចោទប្រកាន់ពីពីបទ៖ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣ និងអំឡុងខែមេសា ឆ្នាំ២០២៤នេះ។
ក្រោយពេលចាប់ខ្លួនជនសង្ស័យទាំង ០២នាក់ ប្តី-ប្រពន្ធ នឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តមតាមនិតិវិធីច្បាប់៕