2024-05-07 05:05
24

មណ្ឌលគិរី៖ ពិតជារឿងមួយគួរឱ្យគ្រប់ៗគ្នាគួរប្រុងប្រយ័ត្នចំពោះការដាក់ដុំ wi-fi ឱ្យបានត្រឹមត្រូវបំផុត ព្រោះមានមេរៀន និងបទពិសោធន៍មួយករណីមិនធ្លាប់កើតមាន ដោយសារផ្ទុះដុំ wi-fi បានបង្កឱ្យមានអគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងសំណង់មួយកន្លែងអស់ទាំងស្រុង ដោយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលខិតខំរកដោយលំបាកបំបិនសន្សំទុកជាច្រើនឆ្នាំសរុបប្រមាណជិត ៣០ម៉ឺនដុល្លារ ត្រូវរលាយហិនហោចក្នងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។

ករណីអគ្គិភ័យនេះ បានកើតកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅជិតតំបន់សមុទ្រឈើភ្នំបាយឆៅ ផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ហ៊ាវ យូអៀន ភេទប្រុស អាយុ ៥២ឆ្នាំ មានមុខរបរ លក់ដូរគ្រឿងសំណង់ ខូចខាតផ្ទះមួយខ្នង មានទំហំ ២០ម៉ែត្រគុណនឹង១៨ម៉ែត្រ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដែរ ប៉ុន្តែដោយសារអំណាចអគ្គិភ័យខ្លាំាងខ្លាពេកក៏មិនអាចទប់ទល់បានភ្លាមៗរហូតធ្វើឱ្យមានការឆេះអស់ស្ទើរទាំងស្រុង តែមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។

ចំពោះមូលហេតុបង្កអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានបឋមថា អាចបណ្តាលមកពីផ្ទុះដុំ wi-fi ដែលដាក់ប្រើប្រាស់ក្នុងផ្ទះ។ តាមការសួរពីម្ចាស់ផ្ទះសម្ភារៈ ដែលខូចខាតរួមមាន សម្ភារៈគ្រឿងសំណង់សរុបជាទឹកប្រាក់ប្រហែលជាង ២០ម៉ឺនដុល្លារ ផ្ទះប្រហែល ៥ម៉ឺនដុល្លារ និងសម្ភារៈក្នុងផ្ទះមួយចំនួនធំ សរុបជាទឹកប្រាក់ខ្ទង់ជាង ២៦ម៉ឺនដុល្លារ៕