2024-05-07 05:05
28

ភ្នំពេញ៖ យោតាមរបាយការណ៍របស់ក្រសួងសាធារណ៍ការ និងដឹកជញ្ជូនកម្ពុជា បានចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ ដែលមានប្រវែង ១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ដែលមានប្រវែង សរុប ៣៣,៤៥៩ គីឡូម៉ែត្រ សម្រេចបាន ៣៦,២៤% ខណៈដែលស្ពាន «ឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៤៩,១៨% ហើយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២ នេះ។

ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១.៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វដោយស្ថាបនាឡើងដោយមានមុខកាត់ទទឹង ១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ ចំនួន ០២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ, គន្លងផ្លូវសម្រាប់ទោចក្រយាន ចំនួន ០២គន្លងទៅមក ប្រវែង ១,៧៥ម៉ែត្រ, ផ្លូវថ្មើរជើង ចំនួន ០២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ប្រវែង ០,៥ម៉ែត្រ។ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ០៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០៨គីឡូម៉ែត្រ។

ចំពោះខ្សែផ្លូវទាំងនេះ នឹងត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា ដោយក្នុងនោះ កំណាត់ផ្លូវ ៤ខ្សែ ប្រវែង ២៦,៦៧គីឡូម៉ែត្រ នឹងត្រូវស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ ១៩,៥ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែង ៥,០២៥គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ចំនួន ៤គន្លង(២ទៅ ២មក) គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង(១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាល ប្រវែង ៤ម៉ែត្រ ផងដែរ។ 

គម្រោងនេះនឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យម ចំនួន ០៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ 

សូមបញ្ជាក់ថា គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕