2024-05-12 02:05
212

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋម្នាក់ បានរើសគ្រាប់ DK75 ដែលជាសំណល់ពីសង្គ្រាមមកលាក់ទុកជាង១ឆ្នាំ ហើយបានយកទៅដំដើម្បីកែច្នៃជាសម្ភារៈប្រើប្រាស់ ប៉ុន្តែចៃដន្នគ្រាប់ផ្ទុះឡើងកក្រើកដីផ្អើសអសអ្នកភូមិ។

ហេតុការណ៍ផ្ទុះគ្រាប់នេះ បានកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗតែម្តង។ ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ប្រង ប៊ិស ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិ​-ឃុំកើតហេតុ​ខាងលើ​។

នគរបាលបានឲ្យដឹងថា៖ តាមការសាកសួរសាក្សី បាននិយាយថា កាលពីជាង១ឆ្នាំមុនជនរងគ្រោះ​បានទៅភ្ជួរចម្ការប្រទះឃើញគ្រាប់ DK75 មូយគ្រាប់ក៏រើសយកមកទុកនៅក្នុងផ្ទះមិនបានរាយការណ៍ឱ្យសមត្ថកិច្ច ឬស៊ីម៉ាក់យកទៅកម្ទេចចោលទេ លុះថ្ងៃកើតហេតុ ជនរងគ្រោះបានយកគ្រាប់មកដំក្នុងគោលបំណងកែច្នៃធ្វើកន្តឹងគោក៏បណ្ដាលឱ្យផ្ទុះរង្គើដីស្លាប់ភ្លាមៗ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕