2024-06-07 02:06
171

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារអបអរសាទរចំពោះ លោក Woo Won-shik ដែលត្រូវបានជ្រើសរើសជាប្រធានរដ្ឋសភាកូរ៉េខាងត្បូង នីតិកាលទី២២។ 

ក្នុងសារលិខិរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា «ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតកាលពីពេលថ្មីៗនេះជាប្រធានសភាជាតិ នីតិកាលទី២២ នៃសាធារណរដ្ឋកូរ៉េ។ 

ក្នុងសាលិខិតរបស់សម្តេចតេជោ បានបញ្ជាក់ថា៖ «ចាប់តាំងពីការបង្កើតឡើងវិញ នូវទំនាក់ទំនងការទូតរបស់យើងនៅឆ្នាំ១៩៩៧ កម្ពុជា និងកូរ៉ខាងត្បូង តែងបានពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាបន្តបន្ទាប់លើវិស័យជាច្រើន រួមមានវិស័យការទូតសភា សេដ្ឋកិច្ច វប្បធម៌ នយោបាយ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន»។ 

សារអបអរសាទរបស់សម្តេចក៏បានបញ្ជាក់ថា៖ «សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម Woo Won-shik ដើម្បីបន្តពង្រឹងទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទរបស់យើង ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស ស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជនរបស់យើង»។ 

សម្តេចតេជោ ជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្ដម កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាជាតិនៃសាធារណរដ្ឋកូរ៉េ នឹងបន្តរីកចម្រើន មួយផ្នែកធំ តាមរយៈក្រុមមិត្តភាពសភាកម្ពុជា-កូរ៉េ កិច្ចសហប្រតិបត្តិការនេះ ប្រាកដជានឹងមានផលជះវិជ្ជមានដល់ប្រជាជាតិ និងប្រជាជនរបស់យើងទាំងពីរ ព្រមទាំងនឹងរួមចំណែកបន្ថែមទៀត ដល់កាលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ី៕