2024-06-05 08:06
211

ពោធិ៍សាត់៖ បុរសជាកសិករម្នាក់ ត្រូវបានឃាតករលាក់មុខ (រន្ទះបាញ់) បណ្តាលឱ្យស្លាប់ចោលប្រពន្ធ និងកូនចំនួន០៤នាក់ នៅកណ្ដាលវាលស្រែ ខណៈពេលកំពុងបើកគោយន្តគោយន្តភ្ជួរស្រែក្រោមមេឃធ្លាក់ភ្លៀងធ្លាក់លាយឡំផ្គរលាន់រន្ទះ និងខ្យល់កន្ត្រាក់។ 

ឧបទ្ទវហេតុគ្រោះធម្មជាតិនេះ បានកើតឡើងនៅវេលាម៉ោង ៣និង២៥នាទីរសៀល នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ ត្រង់ចំណុច ទួលគោងាប់ ស្ថិតក្នុងភូមិក្ដីខ្ខិត ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក កែវ ចាន់នី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែស្តុក បានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ឈាង ឈា ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ មានប្រពន្ធ និងកូនក្នុងបន្ទុក ចំនួន ០៤នាក់។ 

មេប៉ុស្តិ៍ដដែលបានបន្តទៀតថា មុនពេលកើតហេតុបុរសជាកសិកររងគ្រោះបានបើកគោយន្តចេញពីផ្ទះទៅភ្ជួរស្រែដូចសព្វមួយដង ខណៈពេលកំពុងភ្ជួរស្រែស្រាប់តែមេឃមេឃចាប់ផ្ដើមធ្លាក់ភ្លៀងយ៉ាងខ្លាំងលាយឡំផ្គរ រន្ទះ  និងខ្យល់កន្ត្រាក់ និងកើតមានអភូតហេតុរន្ទះបាញ់ចំកសិកររូបនោះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកណ្ដាលវាលស្រែនោះតែម្ដង។ 

ក្រោយពេលមានហេតុការណ៍នេះអ្នកភូមិដែលភ្ជួរដីស្រែក្បែរគ្នាក៏បាននាំគ្នាទៅមើល ដើម្បីជួយជនរងគ្រោះ ប៉ុន្តែបានស្លាប់បាត់ទៅហើយ ទើបនាំគ្នាលើកជនរងគ្រោះដាក់លើគោយន្តដឹកសពមកប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណី៕ លាន គ្រន