2024-05-29 04:05
258

ភ្នំពេញ៖ ក្រោយពីមានការបង្ហោះនូវវីដេអូរបស់លោក ពេជ្រ សុផាន់ គ្រូបង្វឹកកីឡាគុនខ្មែរ ប្រធានសាលាប្រដាល់គុនខ្មែរ «ពេជ្រ សុផាន់» នៃសមាគមកីឡាកងយោធពលខេមរភូមិន្ទ ពាក់ព័ន្ធនឹងគណៈកម្មការបានផ្តល់ពិន្ទុឱ្យកូនសិស្សរបស់លោកចាញ់ដោយមិនអស់ចិត្ត បានស្នើសុំឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរបង្ហាញមូលហេតុឱ្យបានច្បាស់លាស់នោះ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានសមាគមន៍ បានបង្ហោះខ្លឹមសារឆ្លើយតបយ៉ាងដូច្នេះថា «ក្រោមការដឹកនាំរបស់ខ្ញុំប្រឆាំងដាច់ខាតបក្សពួកនិយម និងការជិះជាន់គាបសង្កត់»។

ប្រធានសហព័ន្ធគុនខ្មែរ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ បានលើកឡើងថា៖ «សូមជម្រាបជូនថា លោកគ្រូ ពេជ្រ សុផាន់ ជាអតីតកីឡាករ របស់សមាគមកីឡាប្រដាល់គុនខ្មែរកងយោធពលខេមរភូមិន្ទ និងបច្ចុប្បន្នជាមន្ត្រីយោធារបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលស្ថិតនៅក្រោមឱវាទ នៃការគ្រប់គ្រងរបស់លោកផ្ទាល់»។ ប្រធានសហព័ន្ធរូបនេះ បានបន្ថែមថា «ក្នុងនាមជាប្រធានគាត់លោកតែងតែគាំទ្រនិងលើកស្ទួយការដឹកនាំសាលាគុន ពេជ្រ សុផាន់ គុនខ្មែរ នៃសមាគមគុនខ្មែរកងយោធពលខេមរភូមិន្ទ របស់គាត់ ព្រោះគាត់ជាអ្នកដឹកនាំនិ ងជាគ្រូបង្ហាត់ដ៏មានសមត្ថភាព ដែលបានបណ្តុះបណ្តាលកីឡាករគុនខ្មែរយ៉ាងច្រើនជូនជាតិ»។ 

លោកឧត្តមទោ ខូវ ឆាយ ក៏បានបញ្ជាក់ថា៖ «ក្រោមការដឹកនាំរបស់លោកប្រឆាំងដាច់ខាតបក្សពួកនិយម និងការជិះជាន់គាបសង្កត់»។
លោក ពេជ្រ សុផាន់ គ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ ជាប្រធានសាលាគុន «ពេជ្រ សុផាន់ គុនខ្មែរ» នៃសមាគមគុនខ្មែរកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ បានធ្វើការឡាយវីដេអូរលើផេកផ្លូវការរបស់លោកថា «ការដាក់សំណើរទៅកាន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរបង្ហាញអំពីមូលហេតុដែលកីឡាករ សិង្ហៈ ជាសិសគុនរបស់ខ្លួនចាញ់ហើយមិនចង់បកស្រាយអ្វីច្រើនដែរ ព្រោះឱ្យមានការខុសហើយការស្នើសុំនេះ គឺចង់បានការបញ្ជាក់ឱ្យច្បាស់លាស់ ដើម្បីឱ្យមហាជន និងទស្សនិកជនអស់ចិត្ត»។

លោកគ្រូ ពេជ្រ សុផាន់ បានបញ្ជាក់ថា៖ «ក្នុងបទពិសោធន៍លើវិស័យកីឡាគុនខ្មែរលោកបានឆ្លងកាត់គ្រប់អស់ហើយ ប៉ុន្តែមិនដែលបកស្រាយអ្វីទេ ប៉ុន្តែលើកនេះលោកមិនអស់ចិត្ត គឺចង់ដឹងអំពីរបៀបដាក់ពិន្ទុរបស់សហព័ន្ធកីឡាគុនខ្មែរ ដើម្បីយកទៅបង្ហាត់កូនសិស្សឱ្យចំគោលការណ៍តែម្តង»៕