2024-10-06 08:10
38

ស្វាយរៀង៖ ផ្ទះសំណាក់ ម៉ាស្សា និងខារ៉ាអូខេ យីហោ «KTV OMG Massage» លួចលាក់បង្កប់ករណី​ ជួញដូរ និងការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅក្រុងបាវិត ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿង ឆ្មក់ចូលបង្ក្រាបឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ១៣នាក់ រឹបអូសគ្រឿងញៀន ២៧៥.៩២ ក្រាម អាវុធខ្លី ចំនួន ០២ដើម និងវត្ថុតាងជាច្រើនទៀត។

តាមរបាយការណ៍របស់ នគរបាលខេត្តស្វាយរៀង បានឱ្យដឹងនៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤នេះ ថា៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តស្វាយរៀង បានចុះបង្ក្រាបទីតាំងផ្ទះសំណាក់ ម៉ាស្សា ខារ៉ាអូខេ មួយកន្លែង យីហោ «KTV OMG massage» ដែលលួចលាក់បង្កប់ករណី ជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅក្រុងបាវិត។  

ប្រតិបត្តិការខាងលើ អនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពី​ លោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោKTV OMGmassageស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ចំពោះលទ្ធផលនៃប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ១៣ នាក់ ភេទប្រុស ដោយដកហូត និងចាប់យកសម្ភារ:វត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន៖ សារធាតុញៀនសរុបទម្ងន់ ២៧៥.៩២ ក្រាម, អាវុធខ្លី ចំនួន ០២ ដើម, បង់ ០២, គ្រាប់ ចំនួន ១៥ គ្រាប់, ជញ្ជីង ចំនួន ០៣ គ្រឿង, ទូរសព្ទដៃ ចំនួន ១៦ គ្រឿង, រថយន្ត ចំនួន ០៣ គ្រឿង, ម៉ូតូ ចំនួន ០៣ គ្រឿង, លិខិតឆ្លងដែន ០៤ ក្បាល, បារីអេឡិចត្រូនិច ចំនួន ២៦៧ ដើម, អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម ចំនួន ០៥ សន្លឹក ព្រមទាំង ឧបករណ៍សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕