2024-10-12 11:10
25

(សៀមរាប)៖ លោក សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី «វឌ្ឍនភាពនៃការអនុវត្ដការងារលំនៅឋាន» ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មកពីខេត្តចំនួន១២ ដែលផ្តួចផ្តើមរៀបចំដោយនាយកដ្ឋានបទប្បញ្ញត្តិ ផែនការ និងទំនាក់ទំនង សហប្រតិបត្តិការការងារលំនៅឋាន នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

នៅក្នុងឱកាសនោះ លោក សេង ថានី បានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ មានគោលបំណងឆ្លុះបញ្ជាំងអំពីវឌ្ឍនភាពការងារលំនៅឋាន ជាពិសេសពិនិត្យលើទិន្នន័យបឋមនៃគម្រោងអភិវឌ្ឍន៍និងផ្គត់ផ្គង់លំនៅឋាន ដែលធ្លាប់បានប្រមូលនិងចងក្រងពីទីតាំងអភិវឌ្ឍន៍នានា និងទិន្នន័យលំនៅឋានក្នុងតំបន់សំណង់បណ្តោះអាសន្ន របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃខេត្តចំនួន១២ ដែលរួមមាន៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

លោកអនុរដ្ឋលេខាធិការ បានបន្ថែមថា សម្រាប់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានកំណត់អាទិភាពគន្លឹះចំនួន ៥រួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ” និងគោលនយោបាយអាទិភាពចំនួន ១៥ចំណុចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យបានការគ្របដណ្តប់ គ្រប់ជ្រុងជ្រោយ លើការងាររៀបចំលិខិតបទដ្ឋាន ការផ្តល់សេវាលើវិស័យដីធ្លីនិងសំណង់ ការងារចុះបញ្ជីដីធ្លីបង្ហើយ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការរៀបចំដែនដី និងនគរូបនីយកម្ម ការងារលំនៅឋាន និងសម្បទានសង្គមកិច្ច ការងារកសាងនិងពង្រឹងសមត្ថភាពមន្ត្រី និងការអភិវឌ្ឍសា្ថប័ន និងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងការផ្តល់សេវាកម្មតាមប្រព័ន្ធឌីជីថល។

លោកក៏បានស្នើដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី នៃខេត្តទាំង១២ សូមជំរុញការប្រមូលចងក្រងទិន្នន័យលំនៅឋាន និងកសាងផែនទីស្តីពីរបាយលំនៅឋាន ទាំងលំនៅឋានទូទៅ លំនៅឋានតម្លៃសមរម្យ និងលំនៅឋានក្នុងតំបន់សំណង់បណ្តោះអាសន្ន ដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យស្តីពីលំនៅឋានមួយដែលងាយគ្រប់គ្រង និងងាយប្រើប្រាស់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ គឺជាការចាំបាច់ និងមានសារៈសំខាន់បំផុត ដើម្បីអាចផ្តល់នូវពត៌មានជាក់លាក់ ទូលំទូលាយ និងសម្បូរបែបប សម្រាប់ជាមូលដ្ឋានដល់ការវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានបានសមស្រប ទាំងបរិមាណ និងទីតាំងភូមិសាស្រ្តដែលមានតម្រូវការពិតប្រាកដ។

ក្នុងឱកាសនោះដែរ ក្រុមហ៊ុន Agent21 ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនពិតជាមានបំណង និងចក្ខុវិស័យអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យសម្រាប់មន្រ្តីរាជការ អ្នកទើបរៀបអាពាហ៍ពិពាហ៍ និងប្រជាពលរដ្ឋ ដែលខ្វះលំនៅឋាន ព្រមទាំងគ្រួសារមានប្រាក់ចំណូលមធ្យម និងទាប ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលឈានទៅសម្រេចចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។នេះក៏ជាការដាក់គោលដៅយ៉ាងច្បាស់របស់ក្រុមហ៊ុន ក្នុងការសាងសង់លំនៅឋាន ដែលប្រកបដោយសោភណ្ឌភាព ផាសុខភាព ដែលមានរចនាបថស្ថាបត្យកម្មខ្មែរលាយសហសម័យ ព្រមជាមួយធម្មជាតិបៃតង ដែលមានភាពទាក់ទាញក្នុងការរស់នៅ ដែលអាចបង្កើតបានជាលំនៅឋានសុភមង្គល និងភូមិឋានដែលគួរឱ្យចង់រស់នៅក្នុងសហគមន៍៕