2024-09-22 03:09
95

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសមាគមមិត្តយើង រៀបចំកម្មវិធីកាត់សក់បង្កក់សិរីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជូនប្រជាពលរដ្ឋប្រមាណ៥០០នាក់ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានចូលរួមពីសំណាក់ លោក ឡា វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

កម្មវិធីកាត់សក់បង្កក់សិរីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានការចូលរួមពីអ្នកជំនាញផ្នែកសក់ និងសាឡន ចំនួន ៥២ នាក់ ដែលមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យសក់ និងសម្រស់ ដើម្បីផ្តល់ជូនការកាត់សក់ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាស ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។ 

នៅក្នុងកម្មវិធីកាត់សក់បង្កក់សិរីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក៏មានកិច្ចសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) និងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ក្នុងការផ្តល់ព័ត៌មានទីផ្សារការងារ និងសេវា ប.ស.ស. ជូនប្រជាពលរដ្ឋ សាធារណជន។ 

គួរបញ្ជាក់ថា នេះជាលើកទី១១ហើយ ដែលសមាគមមិត្តយើង រៀបចំកម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង ក្នុងការផ្តល់ជូនការកាត់សក់ឥតគិតថ្លៃជូនប្រជាពលរដ្ឋ។ កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយរបស់សមាគមមិត្តយើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំនាញសក់ និងសម្រស់សម្រាប់អ្នកដែលកំពុងស្វែងរកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយលើកកម្ពស់ជីវភាពរស់នៅ។ សមាគមមិត្តយើង គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីស្របច្បាប់ក្នុងឆ្នាំ២០២១ ដោយមានចក្ខុវិស័យក្នុងការផ្តល់ឱកាសការងារលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់។ 

ចំពោះបេសកកម្មរបស់សមាគមមិត្តយើង គឺដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព បង្កើតបណ្តាញគាំទ្រ ចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយគ្នាក្នុងចំណោម អ្នកជំនាញដែលធ្វើការក្រៅប្រព័ន្ធ អ្នកជំនាញបច្ចេកទេស អ្នកផ្តល់សេវា និងអាជីវកម្មទាំងជាតិ និងអន្តរជាតិ៕