2024-11-09 10:11
16

ក្រចេះ៖ រសៀលថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងណែនាំដល់គណៈកម្មការគ្រប់គ្រងទូក «ង» ដែលត្រូវទៅប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីភាព មិត្តភាពក្នុងក្រុម ត្រូវរួបរួមសាមគ្គីគ្នាឱ្យបានល្អក្នុងការហ្វឹកហាត់ និងជាពិសេសត្រូវគោរពតាមបទបញ្ជា និងលក្ខន្តិកៈរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះបានណែនាំដល់គណៈកម្មការ កីឡាករគ្រប់រូប ត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីភាព មិត្តភាពក្នុងក្រុម ត្រូវរួបរួមសាមគ្គីគ្នាឱ្យបានល្អក្នុងការហ្វឹកហាត់ និងជាពិសេសត្រូវគោរពតាមបទបញ្ជា និងលក្ខន្តិកៈរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ ដើម្បីដណ្តើមជ័យជំនះជូនខេត្ត និងស្នើសុំដល់ក្រុមចំណុះទូកទាំងអស់សូមកុំពិសារស្រា ឬគ្រឿងស្រវឹងផ្សេងៗ ពីព្រោះខ្លាចបង្កឱ្យបាត់បង់នូវកម្លាំង ឬប៉ះពាល់ដល់ដល់សុខភាពនិងអាយុជីវិតផងដែរ។
 
ក្រៅពីនោះបងប្អូនក៏ត្រូវចូលរួមចំណែកថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងអនាម័យបរិស្ថាន ក៏ដូចជារបៀបរៀបរយសាធារណៈ ដើម្បីឲ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅបានល្អប្រសើរ។

នាឱកាសនោះ លោកអភិបាលខេត្តក្រចេះបានប្រគល់ថវិកាដល់ទូកគូរពិសេសចំនួន ០៥ ទូក ក្នុង១ទូកៗ ទទួលបានថវិកាចំនួន ៨ លានរៀល និងភេសជ្ជៈ ចំនួន ១៨ កេស និងទូកខ្នាតអន្តរជាតិ ចំនួន ១៥ ទូក ក្នុង១ទូកៗ ទទួលបានថវិកា ៤ លានរៀល និងភេសជ្ជៈ ចំនួន ៨ កេស សរុបអស់ថវិកា ១០០លានរៀល និងភេសជ្ជៈ២១០ កេស៕