2024-10-17 10:10
8

(កំពង់ធំ)៖ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានប្រគល់ថវិកា ៥លានរៀលជូនដល់ព្រះគ្រូចៅអធិការវត្តករណីដើមដែលជា ជាអ្នកតំណាង អ្នកគ្រប់គ្រងចាត់ចែងទូកអាមាន់ហើរនិងអារាបសម្រាប់ប្រកួតនៅខេត្តកំពង់ធំ នារសៀលថ្ងៃទី ១៥ខែតុលាឆ្នាំ ២០២៤ ដើម្បីត្រៀមប្រកួតនៅទីរួមខេត្តកំពង់ធំនៅថ្ងៃទី ១៦និង ១៧ ខែតុលាឆ្នាំ ២០២៤។

ជាកិច្ចសំណេះសំណាលកីឡាករនៅក្នុងឱកាសនេះ លោកបានណែនាំដល់កីឡាករគ្រប់រូបត្រូវ មានវិន័យល្អ មានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ រក្សាសុខភាពឱ្យបានល្អនិងមានរបបអាហារឲ្យបានត្រឹមត្រូវគេងឲ្យបានគ្រប់គ្រាន់ដើម្បីមានកម្លាំងនិងថាមពលខ្លាំងក្លាក្នុងការប្រកួតប្រជែង ដើម្បីទទួលបាននូវជ័យជំនះនិងពានជាកិត្តិយសរួមទាំងអស់គ្នា សម្រាប់ទូក ស្រុកស្ទោងទាំងមូល។

លើសពីនេះលោកបានថ្លែងអំណរព្រះគុណនិងអរគុណក្រៃលែងដល់ព្រះគ្រូចៅអធិការនិងលោកអាចារ្យគណៈកម្មការ វត្តករណីដើម ដែលតែងតែដឹកនាំផ្គត់ផ្គង់ទូកទាំងពីរខាងលើក្នុងការប្រកួតកម្សាន្តសប្បាយនៅស្រុកស្ទោងក៏ដូចជានៅក្នុងខេត្តកំពង់ធំកន្លងមកនិងទទួលបានជ័យជំនះព្រមទាំងឈ្នះពានផងដែរ។

សូមបញ្ជាក់ផងដែរថា ទូកអាមាន់ហើយនិងអារាប ជាទូកដែលស្ថិតនៅក្នុងវត្តករណីដើម ក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។