2024-09-10 11:09
35

ភ្នំពេញ៖     ជនឆបោក និងរំលោភសេចក្តីទុក ចំនួន ០២នាក់ និងអ្នកត្រូវគេឆបោកម្នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួនមកបំភ្លឺពាក់ព័ន្ធសំណុំរឿងស៊ីដាច់លុយរត់ការចូលក្រមខណ្ឌមន្ត្រីនគរបាលជាតិ អត់បានសម្រេចប្រមាណជិត ១០ ម៉ឺនដុល្លារ។ 

ភាគីដើមបណ្តឹង និងចុងចម្លើយ ត្រូវឱ្យចូលខ្លួនតំណាងអយ្យការឱ្យចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយដើមបណ្តឹងត្រូវចូលបំភ្លឺ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក និងចុងចម្លើយត្រូវចូលខ្លួនបំភ្លឺនារសៀលថ្ងៃជាមួយគ្នា នៅបន្ទប់ “ផ” ជាន់ទី២ នៅអគារសាលាយុត្តិធម៌។

តាមដីកាហៅរបស់លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅដើមបណ្តឹងឈ្មោះ ឌុក ឡូរ ភេទប្រុស អាយុ ៥៣ឆ្នាំ ជាដើមបណ្តឹង មានទីលំនៅផ្ទះលេខ២៧ ភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ឱ្យចូលមកបំភ្លឺតាមបណ្តឹងរបស់ខ្លួន ដែលបានប្តឹងឈ្មោះ វ៉ែន សុខាត់ និងឈ្មោះ ឆេង ឡៃឡា ពីបទ៖ «ឆបោក និងរំលោភសេចក្តីទុកចិត្ត»។ ពាក់ព័ន្ធករណីនេះ ដើមបណ្តឹងបានចូលខ្លួនមកបំភ្លឺ ដោយភ្ជាប់មកនូវឯកសារពាក់ព័ន្ធមួយចំនួន មកបង្ហាញតំណាងអយ្យការ ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ខ្លួន ត្រូវចាញ់បោកប្រាស់អស់លុយរាប់សែនដុល្លារផងដែរ។

នារសៀលថ្ងៃទី០៩ ខែកញ្ញានេះដែរ ចុងបណ្តឹងមានឈ្មោះ ឆេង ឆៃឡា (ហៅស្រីមុំ) ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅ ភូមិអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ វ៉ែន សុខាត់ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីបម្រើការងារនៅនាយកដ្ឋានកណ្តាលសន្តិសុខ ចំណុះក្រសួងមហាផ្ទៃមានអាសយដ្ឋានស្ថិតនៅ ភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

បើតាមស្ត្រីមានឈ្មោះ ឆេង ឆៃឡាង ធ្លាប់បានអះអាងថា មានប្តីមប្រើការនៅនាយកដ្ឋានអង្គរក្ស ប៉ុន្តែមិនបញ្ជាក់ឲ្យបានច្បាស់ឡើយ។ ចំណែកឈ្មោះ វ៉ែន សុខាត់ បានព្យាយាមបដិសេធ មិនបង្ហាញឈ្មោះប្តីរបស់ស្ត្រីនោះទេ។

យោងតាមការរៀបរាប់របស់ជនចាញ់បោកគេអស់ប្រាក់ជិត ១០ ម៉ឺនដុល្លារ បានឲ្យដឹងថា៖ «អ្នកឆបោកទាំងពីរនាក់នេះ បានបោកយកប្រាក់ពីមនុស្ស សរុបចំនួន ១០ នាក់ ដែលមានបំណងចង់ចូលធ្វើការងារក្នុងក្រមខណ្ឌមន្ត្រីនគរបាលជាតិ តាមរយៈការសន្យា និងធានារត់ការបំពេញបែបបទចូលក្របខណ្ឌដោយមិនចាំបាច់ការប្រឡង ជាថ្នូរនឹងទឹកប្រាក់ដ៏ច្រើនក្រាស់ក្រែល»។

លោក ឌុក ឡូរ ដែលដើមបណ្តឹងបានចោទប្រកាន់លើជនទាំងពីរថា៖ «ទង្វើរបស់ឈ្មោះ វ៉ែន សុខាត់ និងឈ្មោះ ឆេង ឆៃឡា គឺជាទង្វើទុច្ចរិត មានគំនិតបោកប្រាសប្រាក់របស់ប្រជាជនយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបានធ្វើឲ្យខ្ញុំបាទខូចខាតផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ… ដែលមិនអាចទទួលយកបានឡើយ ហើយទង្វើនេះបានធ្វើឲ្យប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់ សន្តិសុខសង្គម និងរបៀបរៀបរយសាធារណៈ ដែលច្បាប់គាំពារ»។

លោកបានបញ្ជាក់បន្ថែមថា៖ «តាមរយៈការណែនាំរបស់ជនឆបោកទាំងពីររូបនេះ លោកបានប្រមែប្រមូលអ្នកមានបំណងចូលបម្រើការងារជាក្រមខណ្ឌមន្ត្រីនគរបាលជាតិ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់រហូតដល់ ចំនួន ១០ ០០០ ដុល្លារអាមេរិក។ ចំណែកបុរសឈ្មោះ វ៉ែន សុខាត់ បានសន្យាថា នៅក្នុងរយៈពេលបីខែ អ្នកបង់ប្រាក់ទាំងអស់នឹងទទួលឈ្មោះជាមន្ត្រីនគរបាលជាតិ មានក្របខណ្ឌពេញសិទ្ធិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងឡើយ។ ប៉ុន្តែក្នុងករណីហួសការកំណត់រយៈពេលបីខែ ប្រសិនបើមិនមានឈ្មោះទេនោះ ឈ្មោះ វ៉ែន សុខាត់ នឹងប្រគល់ប្រាក់ត្រឡប់មកវិញគ្រប់ចំនួន»។

លោក ឌុក ឡូរ បញ្ជាក់បន្ថែមថា៖   «អ្នកចង់ចូលបម្រើការក្នុងក្របខណ្ឌនគរបាលជាតិ លោកជួយណែនាំបានចំណាយប្រាក់របស់យុវជន ចំនួន ១០ នាក់ គឺស្មើនឹង ៩៥ ០០០ ដុល្លារ ឱ្យទៅឈ្មោះ វ៉ែន សុខាត់ ដែលជាមន្ត្រីនគរ និងឈ្មោះ ឆេង ឆៃឡា»។ លោក ឌុក ឡូរ បានមានប្រសាសន៍រំឭកថា៖ «នៅពេលម្ចាស់ប្រាក់ទាមទារប្រាក់ច្រើនដងពេក ជនឆបោកបានសរសេរមូលប្បទានប័ត្រជាបន្តបន្ទាប់ ដែលមូលប្បទានប័ត្រទាំងនោះមិនមានសាច់ប្រាក់ឡើយ គឺអ្នកស្រុកហៅថា សែកស្អុយ»។

ជនរងគ្រោះក្នុងអំពើឆបោកនេះ បានបង្ហាញថា៖ នៅក្នុងកិច្ចសន្យាសងប្រាក់នោះបានសរសេរបញ្ជាក់យ៉ាងច្បាស់ថា «សងបញ្ចប់នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែពួកគេមិនបានគោរពតាមការសន្យានោះទេ»។

បកស្រាយអំពីទង្វើបោកប្រាសនេះ អ្នកជំនាញផ្នែកច្បាប់បានពន្យល់ថា ប្រសិនបើយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ដែលកើតឡើងដូចករណីអនុវត្តកិច្ចសន្យាសងប្រាក់ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ និងមូលប្បទានប័ត្ររបស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ លេខ១១០២៨២ គឺជាបទល្មើសឧក្រិដ្ឋ។ ចំណែកលិខិតប្រគល់ទទួលប្រាក់ចំនួនប្រាំមួយទៀត៖ ១៖ លិខិតចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ ២៖ លិខិតចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ ៣៖ លិខិតចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ ៤៖ លិខិតចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ៥. លិខិតចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ និតទី៦៖ លិខិតចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

យោងតាមដីកាកោះរបស់លោកព្រះរាជអាជ្ញារង ឡុង ស៊ីថា បានឲ្យដឹងថា ឈ្មោះ វ៉ែន សុខាត់ និង ឈ្មោះ ឆេង ឆៃឡា ត្រូវចូលខ្លួនបំភ្លឺ នាវេលាម៉ោងរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោក វ៉ែន សុខាត់ បានដើរចូលទៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដោយមានបុរសម្នាក់អមដំណើរផងដែរ។ ចំណែកឈ្មោះ ឆេង ឆៃឡា មិនឃើញបង្ហាញខ្លួនតាមដីកាកោះឡើយ។

នាពេលកន្លងមក ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ជនចាញ់បោកគេខាងលើ អ្នកស្រី ឆេង ឆៃឡា បានទទួលសារសំណួរពីអ្នកសារព័ត៌មានប៉ុន្តែមិនឆ្លើយសំណួរឡើយ ព្រមទាំងបិទគណីតេឡេក្រាមថែមទៀតផង។ ចំណែកឈោ្មះ វ៉ែន សុខាត់ បានប្រកែកមិនព្រមសងជាដាច់ចខាត ដោយសន្យាឲ្យថា ឈ្មោះ ឆេង ឆៃឡា គឺជាអ្នកទទួលខុសត្រូវចំពោះទង្វើនេះ ព្រមទាំងអហះអាងអំពីការប្រកាសលក់ដីរបស់អ្នកស្រី ឆេង ឆៃឡា ដើម្បីយកប្រាក់មកសងជនត្រូវចាញ់បោក។

ការសន្យារបស់លោកកស្រី ឆេង ឆៃឡា តាមរយៈមូលប្បទានប័ណ្ណគ្មានសាច់ប្រាក់ ឬហៅថា សែកស្អុយ ត្រូវបានអ្នកច្បាប់ចង្អុលបង្ហាញថា «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន, បទ៖ ឆបោក និង បទ៖ រំលោភលើទំនុកចិត្ត ជាបទល្មើសបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា ២៣១ នៃច្បាប់ស្តី ពីឧបករណ៍អាចជួញដូរ បាន និងប្រតិបត្តិការទូទាត់ប្រាក់ តាមមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។ 

ការបកស្រាយបោកបន្លប់ និងអូសបន្កាយអស់រយៈពេលជាងបួនឆ្នាំ ត្រូវជនចាញ់បោកស្រែកថា «ឈប់រងចាំហើយ ដោយសារសន្យាបោកពេក»៕